បរទេស ៖ អាជ្ញាធរយោធា និង ស៊ីវិលបាននិយាយថា យន្តហោះចម្បាំងពីរ គ្រឿង បានធ្លាក់ក្នុងអំឡុង ពេលហោះហើរហ្វឹកហាត់ នៅភាគកណ្តាលប្រទេស ឥណ្ឌាកាលពីព្រឹកថ្ងៃសៅរ៍ ។ អាកាសយានិកម្នាក់ ក៏បានស្លាប់ផងដែរ នៅក្នុងឧបទ្ទវហេតុនេះ , នេះបើយោងតាមកងកម្លាំង អាកាសឥណ្ឌា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរដ្ឋាភិបាលក្នុងរដ្ឋរបស់ឥណ្ឌាលោក Shivraj Singh Chouhan បានសរសេរនៅលើ Twitter ថា យន្តហោះចម្បាំងផលិត ដោយរុស្ស៊ី Sukhoi Su-30 និងយន្តហោះចម្បាំង French Mirage 2000 ផលិតដោយបារាំង បានធ្លាក់ នៅតំបន់ Morena ក្នុងរដ្ឋ Madhya Pradesh ។ ក្រោយមកវាត្រូវបានគេប្រកាសថា កម្ទេចកម្ទីពីយន្តហោះមួយ ត្រូវបានរកឃើញនៅ Madhya Pradesh ហើយមួយទៀតបានធ្លាក់មកដីនៅរដ្ឋ Rajasthan ក្បែរនោះ។
វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញ ពីសំណល់នៃយន្តហោះ និងការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងធ្លាក់យន្តហោះ។
យោងតាមរបាយការណ៍ យន្តហោះទាំងនោះបានហោះ ចេញពីមូលដ្ឋានអាកាស Gwalior ក្នុងរដ្ឋ Madhya Pradesh សម្រាប់សមយុទ្ធ ដែលបានគ្រោងទុក ។ ទំនាក់ទំនងជាមួយយន្តហោះ ត្រូវបានគេនិយាយថាបានបាត់នៅម៉ោងប្រហែល ៥ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុក។
មានការរំពឹងទុកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថា យន្តហោះទាំងពីរប្រហែលជាបានបុកគ្នានៅកណ្តាលអាកាស។ យ៉ាងណាមកទល់ពេលនេះ មិនទាន់មានការអធិប្បាយជាផ្លូវការអំពីមូលហេតុ នៃឧបទ្ទវហេតុនេះទេ៕
ប្រែសម្រួលៈ ណៃ តុលា