ប៉េកាំង ៖ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានប្រកាសដាច់ដោយឡែកពីគ្នា កាលពីថ្ងៃពុធថា ពួកគេនឹងបញ្ជូនរថក្រោះ ប្រយុទ្ធកម្រិតខ្ពស់ ទៅកាន់អ៊ុយក្រែន ដោយបញ្ចប់ភាព ជាប់គាំង ដែលអាល្លឺម៉ង់ ដែលស្ទាក់ស្ទើរ ពីមុនបានរកឃើញថា ខ្លួនស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ពីសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការអនុញ្ញាតឱ្យ ដឹកជញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន។
ខណៈដែលក្រុងគៀវស្វាគមន៍ រថក្រោះដោយរំពឹងថា ពួកគេនឹងក្លាយជាអ្នកផ្លាស់ប្តូរហ្គេម ក្នុងសមរភូមិប្រយុទ្ធ ជាមួយរុស្ស៊ី អ្នកវិភាគបានសម្តែង ការព្រួយបារម្ភថា អាវុធធុនធ្ងន់ បែបនេះ អាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ដោយបានព្រមាន អំពីលទ្ធភាពនៃសង្គ្រាមផ្ទាល់ រវាងរុស្ស៊ី និងអង្គការសន្ធិសញ្ញាអាត្លង់ ទិកខាងជើងណាតូ។
កាលពីថ្ងៃពុធ រដ្ឋាភិបាលអាល្លឺម៉ង់ មិនត្រឹមតែយល់ព្រមផ្តល់ឱ្យ អ៊ុយក្រែននូវរថក្រោះប្រយុទ្ធ Leopard 2 ចំនួន ១៤គ្រឿងពីស្តុកផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានយល់ ព្រមពីបណ្តាប្រទេសអតិថិជន របស់ខ្លួនធ្វើដូចគ្នាផងដែរ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅ ឯកិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុងប៊ែរឡាំងថា “យើងកំពុងធ្វើសកម្មភាព ក្នុងលក្ខណៈសម្របសម្រួលយ៉ាង ជិតស្និទ្ធជាអន្តរជាតិ” ។
ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា រដ្ឋបាលរបស់លោក នឹងផ្តល់រថក្រោះ M1 Abrams ផលិតដោយសហរដ្ឋអាមេរិកចំនួន ៣១គ្រឿង ដល់អ៊ុយក្រែន ។ មួយថ្ងៃក្រោយមក ក្រសួងការពារជាតិកាណាដា បានប្រកាសថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2 ចំនួន ៤ គ្រឿងទៅកាន់អ៊ុយក្រែន ហើយកំពុងពិចារណា បញ្ជូនបន្ថែមទៀតនៅពេលក្រោយ ។
មុនការផ្គត់ផ្គង់ ដែលបានសន្យាចុងក្រោយនេះ ប្រទេសណាតូមួយចំនួនផ្សេងទៀត បានប្រកាសបង្កើនការផ្គត់ផ្គង់ សព្វាវុធដល់អ៊ុយក្រែន ជាពិសេសអាវុធធុនធ្ងន់៕
ប្រែសម្រួល ឈូក បូរ៉ា