ព័ត៌មានអន្តរជាតិ

គណបក្សប្រឆាំងនៅថៃ៖ យន្តហោះចម្បាំង F16 ពីរគ្រឿង ត្រូវបានគេយកទៅហោះហើរ ជាឯកជន ក្នុងពិធីបូជាសពឪពុក របស់អតីតមេទ័ពអាកាស

បរទេស៖ គណបក្សចលនាឆ្ពោះទៅមុខ នៅថ្ងៃព្រហស្បតិ៍នេះ បានចោទថា កងទ័ពអាកាសថៃ (RTAF) បានខ្ជះខ្ជាយប្រាក់ជាង ២០០ ០០០ បាត តាមរយៈការហោះហើរ យន្តហោះចម្បាំង F16 ចំនួនពីរគ្រឿង ក្នុងអំឡុងពេលពិធីបូជាសពឪពុក របស់អតីតមេទ័ពអាកាសកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកសភាពីររូបមកពីគណបក្សប្រឆាំងគឺ គឺលោក Phicharn Chaowapatanawong និង លោក Nattacha Boonchaiinsawat និងបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខភាពបណ្តោះអាសន្ន របស់គណបក្សសម្រាប់មណ្ឌលបោះឆ្នោត នៅទីក្រុងបាងកក គឺលោក Tanadej Pengsuk បានធ្វើការចោទប្រកាន់នេះ ក្នុងសន្និសីទសារព័ត៌មាននៅសភា។

ពួកគេបានគាំទ្រការចោទប្រកាន់នេះ ជាមួយនឹងឃ្លីបវីដេអូ ដែលពួកគេអះអាងថា ពួកគេបានទទួលពីមន្ត្រីកងទ័ពអាកាសថៃ ដែលខឹងសម្បារពេល ដែលទ្រព្យសម្បត្តិរបស់រដ្ឋ កំពុងត្រូវបានបង្វែរសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ លោក Tanadej បាននិយាយថា រឿងហេតុនេះបានកើតឡើង នៅក្នុងខែសីហា ឆ្នាំមុន ក្នុងអំឡុងពេលពិធីបូជាសពឪពុក របស់អតីតមេទ័ពអាកាស Napadej Dhupatemiya ។

លោក Tanadej បានបន្តថា វាមានតម្លៃ ១២០ ០០០ បាតក្នុងមួយម៉ោងដើម្បីហោះហើរយន្តហោះ F16 ដូច្នេះ RTAF នឹងត្រូវបង់ប្រាក់ ២៤០ ០០០ បាត សម្រាប់យន្តហោះទាំងពីរគ្រឿងនេះ។

លោក Phicharnn បាននិយាយថា គណៈរដ្ឋមន្ត្រីបានហាមឃាត់ការបង្វែរទ្រព្យសម្បត្តិរដ្ឋ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ លោកបាននិយាយថា នាយករដ្ឋមន្ត្រីគឺ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ត្រូវតែទទួលខុសត្រូវចំពោះការរំលោភបំពាន ដែលត្រូវបានចោទប្រកាន់នេះ ព្រោះគាត់ក៏ជារដ្ឋមន្ត្រីការពារជាតិផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top