ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្ដើមសមយុទ្ធយោធា ជើងអាកាសរួមគ្នា ខណៈមានការគំរាម កំហែងពីកូរ៉េខាងជើង

សេអ៊ូល ៖ ក្រសួងការពារជាតិ របស់ទីក្រុងសេអ៊ូល បាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែន អាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះ ទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក។

ចល័តសម្រាប់សមយុទ្ធដែន អាកាសរួមបញ្ចូលគ្នា គឺយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-1B និងយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35B ពីកងទ័ពអាកាសអាមេរិក ព្រមទាំងយន្តហោះចម្បាំង F-35A មកពីកងទ័ព អាកាសកូរ៉េខាងត្បូង។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះត្រូវបានធ្វើឡើង កាលពីថ្ងៃពុធលើដែនទឹកភាគខាងលិច នៃប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ហាញពី “ឆន្ទៈ និងសមត្ថភាព របស់សហរដ្ឋអាមេរិក ក្នុងការផ្តល់នូវការទប់ស្កាត់បន្ថែមដ៏រឹងមាំ និងគួរឱ្យទុកចិត្ត” ។

ក្រសួងបានកត់សម្គាល់ថា សម្ព័ន្ធមិត្តទាំងពីរនឹងពង្រឹង សមយុទ្ធយោធារួមគ្នារបស់ពួកគេ ពាក់ព័ន្ធនឹងការដាក់ពង្រាយ ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សមយុទ្ធដែនអាកាសរួមគ្នានេះ បានកើតឡើង បន្ទាប់ពីប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នានៅទីក្រុង សេអ៊ូលកាលពីថ្ងៃអង្គារ ដោយយល់ព្រមពង្រីក និងពង្រឹងកម្រិត និងទំហំនៃសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នានៅឆ្នាំនេះ។

ជាការឆ្លើយតប ក្រសួងការបរទេសនៃ ប្រទេសកូរ៉េខាងជើង បានថ្កោលទោសចំពោះ “សមយុទ្ធប្រឈមមុខដាក់គ្នាខាងយោធាដោយឥតប្រុងប្រយ័ត្ន និងអំពើអរិភាព” របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕

Most Popular

To Top