បរទេស៖ ទីក្រុងប៊ែកឡាំង បានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុន ឧស្សាហកម្មការពារជាតិអាល្លឺម៉ង់ នាំចេញរថក្រោះ Leopard 1 ចាស់ៗទៅកាន់ប្រទេសអ៊ុយក្រែន, នេះបើតាមសារព័ត៌មានក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលលោក Steffen Hebestreit ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អាជ្ញាប័ណ្ណនាំចេញ ដែលពាក់ព័ន្ធត្រូវបានផ្តល់ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។
លោក Hebestreit បានប្រាប់ក្នុងសន្និសីទកាសែត របស់រដ្ឋាភិបាលកាលពីថ្ងៃសុក្រថា “ខ្ញុំមិនចង់និយាយអ្វីច្រើនទេនៅពេលនេះ” ។ មន្ត្រីរូបនេះក៏បាននិយាយទៀតថា ការបំភ្លឺបន្ថែមទៀតលើបញ្ហានេះនឹងត្រូវបានផ្តល់ “ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខ”។
សូមជម្រាបថា ក្រុមហ៊ុន Rheinmetall ដែលជាក្រុមហ៊ុនផលិតអាវុធកំពូលមួយរបស់អាល្លឺម៉ង់ បានស្នើឱ្យបញ្ជូនរថក្រោះ Leopard 1 ពីស្តុករបស់ខ្លួនទៅអ៊ុយក្រែន នៅដើមខែមេសា ឆ្នាំ២០២២។ នៅពេលនោះ ក្រុមហ៊ុនបាននិយាយថា ខ្លួនអាចផ្គត់ផ្គង់រថក្រោះរហូតដល់ ៥០ គ្រឿងដល់អ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ ៦ សប្តាហ៍ ប្រសិនបើមានការយល់ព្រមពីរដ្ឋាភិបាល។ ក្រុមហ៊ុនក៏បានបន្ថែមថាខ្លួនកំពុងតែពិនិត្យមើលស្ថានភាព រថក្រោះនៅពេលនេះ៕ ប្រែសម្រួលៈ ណៃ តុលា