ព្រុចសែល៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យរុស្ស៊ី គោរពសន្ធិសញ្ញារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកស្តីពីអាវុធនុយក្លេអ៊ែរ ដែលរួមចំណែកដល់ស្ថិរភាពអន្តរជាតិ។
ឯកអគ្គរដ្ឋទូតណាតូ បានឲ្យដឆងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកត់សំគាល់ដោយក្តីបារម្ភថា រុស្ស៊ីបានបរាជ័យក្នុងការអនុវត្តតាមកាតព្វកិច្ចស្របច្បាប់ក្រោមសន្ធិសញ្ញា New START” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ត្រូវបានចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០។ សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយ ដែលនៅសេសសល់ជាធរមានរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរអាចបន្តរហូតដល់អតិបរមា ៥ឆ្នាំដោយមានការយល់ព្រមពីប្រទេសទាំងពីរ។ ប្រទេសរុស្ស៊ី និងអាមេរិកបានបន្តសន្ធិសញ្ញានេះជាផ្លូវការរយៈពេល ៥ ឆ្នាំនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២១។
ឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ការបដិសេធរបស់រុស្ស៊ីក្នុងការរៀបចំការពិគ្រោះយោបល់ ឬអនុញ្ញាតឱ្យមានការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិកតាំងពីខែសីហាឆ្នាំមុន “រារាំងសហរដ្ឋអាមេរិកពីការអនុវត្តសិទ្ធិសំខាន់ៗនៅក្រោមសន្ធិសញ្ញា ហើយធ្វើឱ្យខូចសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការត្រួតពិនិត្យការអនុលោមតាមច្បាប់របស់រុស្ស៊ីឱ្យបានគ្រប់គ្រាន់ជាមួយនឹងដែនកំណត់កណ្តាលនៃសន្ធិសញ្ញា”។
អង្គការណាតូបានឲ្យដឹងថា “យើងអំពាវនាវឱ្យរុស្ស៊ីបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញា ដោយជួយសម្រួលដល់ការត្រួតពិនិត្យ New START នៅលើទឹកដីរុស្ស៊ី និងដោយការត្រលប់ទៅចូលរួមនៅក្នុងស្ថាប័នអនុវត្តសន្ធិសញ្ញា”៕