ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ី ព្រមានថា អ៊ុយក្រែន នឹងត្រូវដុតឱ្យខ្លោច ប្រសិនបើហ៊ានវាយប្រហារតំបន់ គ្រីមៀ

បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តរបស់ ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន និងអនុញ្ញាតឱ្យទីក្រុងគៀវ ប្រើប្រាស់មីស៊ីល ទាំងនោះតាមឆន្ទៈ អាចនាំទៅរកការកើនឡើងភាពតានតឹងបន្ថែមទៀត។ លោក​បន្ថែម​ថា អាមេរិក​ហាក់​មិន​ចង់​ឲ្យ​ជម្លោះ​អ៊ុយក្រែន​បញ្ចប់​នោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយអ្នក កាសែតរុស្ស៊ី Nadana Fridrikhson លោក Medvedev បានបដិសេធថា ការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំង នឹងឧបទ្វីប Crimean នឹងបង្ខំទីក្រុងម៉ូស្គូចូលតុចរចា។ លោកអះអាងថា “លទ្ធផលពិត នឹងផ្ទុយពីនេះ។ វា​នឹង​មិន​មាន​ការ​ពិភាក្សា​ក្នុង​ករណី​បែប​នេះ​ទេ។ វា​នឹង​មាន​តែ​ការ​វាយ​ប្រហារ​សងសឹក​តែប៉ុណ្ណោះ»។

លោក Medvedev បានទទូចថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចង់បានសន្តិភាពក្នុងប្រទេសអ៊ុយក្រែន វាអាចគ្រាន់តែជំរុញ ទីក្រុងគៀវ ឱ្យចូលរួមកិច្ចពិភាក្សាជាមួយទីក្រុងមូស្គូ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden និង “ជនដែលចូលចិត្ត” នៅក្នុងសភាគឺ “មិនចាប់អារម្មណ៍នឹងវាទេ” ។

អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានព្រមានថា រុស្ស៊ីអាច “សងសឹកតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន” ប្រសិនបើកងកម្លាំងអ៊ុយក្រែនវាយប្រហារគោលដៅនៅ Crimea ឬជ្រៅនៅក្នុងទឹកដីរុស្ស៊ី។ លោកបានទទូចថា “យើងមិនកំណត់ដែនកំណត់ណាមួយអាស្រ័យលើលក្ខណៈនៃការគំរាមកំហែងនោះទេ ហើយយើងបាន ត្រៀមខ្លួន រួចជាស្រេចក្នុងការប្រើប្រាស់សព្វាវុធគ្រប់ប្រភេទ” ដោយបន្ថែមថា រុស្ស៊ីនឹងត្រូវបានដឹកនាំ ដោយគោលលទ្ធិរបស់ ខ្លួនតែប៉ុណ្ណោះ រួមទាំងពិធីការនុយក្លេអ៊ែរផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top