ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាប្រទេសលេខមួយក្នុងការឃ្លាំមើល និងឈ្លបយកការណ៍ ហើយបានជំរុញឱ្យប្រទេសនេះបញ្ឈប់ជាបន្ទាន់ ចំពោះការឈ្លបយកការណ៍ជុំវិញប្រទេសចិន។
អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹង ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសណាមីប៊ី ថ្មីៗនេះបានរកឃើញ នៅក្នុងដែនទឹករបស់ខ្លួន នូវទូកក្តោងរបស់សហរដ្ឋអាមេរិក ដែលប្រើដើម្បីប្រមូលទិន្នន័យនៅក្រោមទឹក ។
លោកស្រីក៏បានលើកឡើងផងដែរថា ទិន្នន័យចុងក្រោយបំផុត ដែលចេញផ្សាយដោយគំនិតផ្តួចផ្តើមស្រាវជ្រាវស្ថានភាពយុទ្ធសាស្ត្រសមុទ្រចិនខាងត្បូង ដែលជាអ្នកគិតគូរ បានបង្ហាញថា យន្តហោះឈ្លបយកការណ៍ តាមដីគោករបស់យោធាអាមេរិកចំនួន ៦៤ ត្រូវបានគេប្រទះឃើញ នៅលើសមុទ្រចិនខាងត្បូង ក្នុងខែមករាឆ្នាំនេះ។
ដោយហៅសហរដ្ឋអាមេរិកថា ជាប្រទេសលេខមួយក្នុងការឃ្លាំមើល និងឈ្លបយកការណ៍ លោកស្រី ម៉ៅ បានលើកឡើងថា ខ្លួនមានកម្មវិធីស៊ើបការណ៍សម្ងាត់ ដែលដំណើរការជាយូរមកហើយនៅទូទាំងពិភពលោក។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា យន្តហោះ និងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក តែងតែធ្វើការឈ្លបយកការណ៍យ៉ាងជិតស្និទ្ធជុំវិញប្រទេសចិន ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ប្រទេសចិន និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា