វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតែបន្តទប់ទល់នឹងការអំពាវនាវ ដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវយន្តហោះចម្បាំង ប៉ុន្តែរដ្ឋមន្ត្រីការបរទេសលោក Antony Blinken មិនបានឆ្លើយតបឡើយ ក្នុងការបដិសេធជំនួយបែបនេះ នៅពេលក្រោយ ឬយ៉ាងណានោះ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak មុននេះបានឲ្យដឹងថា ចក្រភពអង់គ្លេស នឹងបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន ឱ្ចេះប្រើប្រាស់យន្តហោះចម្បាំង លោកខាងលិច ហើយនឹងស្វែងយល់ពីលទ្ធភាព នៃការផ្តល់យន្តហោះបែបនេះ ។
លោក Blinken បានឲ្យដឹងនៅពេលត្រូវបានសួរ អំពីការបញ្ជូនយន្តហោះថា “នៅគ្រប់ជំហាននៅតាមផ្លូវ ដូចដែលតម្រូវការបានវិវឌ្ឍ ដូច្នេះក៏មានអ្វីដែលយើងបាន ផ្តល់ឱ្យអ៊ុយក្រែនផងដែរ” ។
លោកបន្ដថា “ហើយថ្មីៗនេះបានកើតឡើងជាមួយនឹង ការសម្រេចចិត្តផ្តល់រថក្រោះប្រយុទ្ធ Abrams ហើយជាការពិតណាស់ អាល្លឺម៉ង់ ផ្តល់រថក្រោះប្រយុទ្ធ Leopard និងប្រទេសអឺរ៉ុបផ្សេងទៀត ក៏បានធ្វើដូចគ្នា” ។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានបដិសេធការអង្វររបស់អ៊ុយក្រែន សម្រាប់យន្តហោះចម្បាំង ដែលក្រុមមន្ត្រីចាត់ទុកថាជាទង្វើបង្កហេតុពេក។
ឈរជាមួយអគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg នៅក្រសួងការបរទេស លោក Blinken បានលើកឡើងថា ជំនួយសន្តិសុខ របស់សហរដ្ឋអាមេរិក និងបរទេសដល់អ៊ុយក្រែន នៅតែបន្តវិវឌ្ឍទៅមុខ ដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលនៃជម្លោះ៕