ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតពិនិត្យមើលក្បួនដង្ហែរព្យុហយាត្រាយោធា ដ៏ធំដែលបង្ហាញពីកំណត់ត្រាអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប 

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យក្បួនព្យុហយាត្រាយោធាដ៏ធំមួយដែលបង្ហាញពីចំនួនកំណត់ត្រានៃអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ (ICBM) ។ នេះបើយោងតាមសារព័ត៌មានរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងអ្វីដែលអ្នកវិភាគបានលើកឡើងថា អាចជា ICBM ឥន្ធនៈរឹងប្រភេទថ្មី ។

គួរបញ្ជាក់ថា ក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបលើកទី៧៥នៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ មានការបាញ់កាំជ្រួច ក្រុមតន្រ្តីយោធា និងទាហានឯកសណ្ឋាន ដើរដោយឯកច្ឆ័ន្ទដើម្បីសរសេរអក្សរ “២,៨” និង “៧៥” ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានរាយការណ៍ដូច្នេះ ។

រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា ដោយពាក់អាវពណ៌ខ្មៅ និងពាក់មួកដែលដូចនឹងជីតារបស់គាត់ និងមេដឹកនាំស្ថាបនិកកូរ៉េខាងជើង Kim Il Sung បានចូលរួមពិធីដង្ហែរក្បួននៅថ្ងៃទី៨ ខែកុម្ភៈ ជាមួយប្រពន្ធរបស់គាត់ Ri Sol-ju និងកូនស្រី Ju Ae ។

រូបភាពបានបង្ហាញមេដឹកនាំកំពូលដើរតាមកំរាលព្រំក្រហមដើម្បីពិនិត្យមើលជួរទាហានដែលកាន់កាំភ្លើងខ្លី ហើយឈរអមដោយឧត្តមសេនីយកំពូលរបស់គាត់ ដោយគោរព ខណៈដែលកងទ័ព និងអង្គភាពមីស៊ីលដង្ហែឆ្លងកាត់ ។

គ្រឿងសព្វាវុធដែលដាក់តាំងបង្ហាញនោះ រួមមានយ៉ាងហោចណាស់ មីស៊ីល Hwasong-17 ដ៏ធំបំផុតចំនួន១០ របស់ប្រទេសនេះ បូករួមទាំងយានដែលត្រូវបានរចនាឡើងដើម្បីផ្ទុក ICBM ឥន្ធនៈរឹង ។ នេះបើយោងតាមគេហទំព័រឯកទេស NK News ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានរាយការណ៍ឲ្យដឹង ។

ប្រទេសកូរ៉េខាងជើង បានស្វែងរកយូរមកហើយក្នុងការអភិវឌ្ឍ ICBM ឥន្ធនៈរឹង ដែលអាចជួយធ្វើឱ្យនុយក្លេអ៊ែររបស់ខ្លួនពិបាករកឃើញ និងបំផ្លាញ ៕

Most Popular

To Top