ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​ម្នាក់របស់អង់គ្លេស និយាយដោយកំហឹងថា “យើងគ្មានយន្តហោះណាមួយដើម្បីផ្តល់ឱ្យអ៊ុយក្រែននោះទេ

បរទេស៖ ចក្រភពអង់គ្លេស បានផ្តល់អំណោយ ដែលមានជាកាំភ្លើងធំ និងកាំភ្លើងយន្ត និងរថពាសដែកជាងមួយរយគ្រឿងដល់ទីក្រុងគៀវរួចហើយ ហើយឥឡូវនេះអង់គ្លេសក៏បានសន្យាផ្តល់រថក្រោះ Challenger 2 ចំនួន ១៤ គ្រឿង និងកាំភ្លើងស្វ័យប្រវត្តិបន្ថែមទៀត។ ប៉ុន្តែ​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​ធ្វើដំណើរទៅ​ទីក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ទាមទារ​បន្ថែម​ទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាចក្រភព​អង់គ្លេស​គ្មាន​យន្តហោះ​ចម្បាំង​ដែល​ត្រូវ​ផ្តល់​ឲ្យ​អ៊ុយក្រែន​ទេ នោះ​គឺជា​ទស្សនៈច្បាស់​លាស់ ​របស់​រដ្ឋមន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​កង​ទ័ព​អាកាស (RAF)។

ការអត្ថាធិប្បាយរបស់អង់គ្លេសនៅពេលនេះ គឺបានរិះគន់ទៅលើការស្នើសុំអាវុធ កម្រិតខ្ពស់ចុងក្រោយរបស់ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky ពីសម្ព័ន្ធភាពដែលគ្រប់គ្រងដោយ សហរដ្ឋអាមេរិករបស់អង្គការ NATO ដែលឥឡូវនេះបានកើនឡើង រហូតដល់ការទាមទារ ឱ្យយន្តហោះចម្បាំងដើម្បីវាយប្រហារយ៉ាងជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី ។

រដ្ឋមន្ត្រី​នៅក្នុងខុទ្ទកាល័យ ​ដែលមិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ បាន​ប្រាប់​កាសែត​ប្រចាំថ្ងៃ​មួយ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយកំហឹងថា “យើងមិនមានយន្តហោះណាមួយ ដើម្បីផ្តល់ឱ្យនោះទេ!” ។

សូមជម្រាបថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏ គួរឱ្យភ្ញាក់ផ្អើលរបស់លោក Volodymyr Zelensky ទៅកាន់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធ លោក Zelensky បានថ្លែងអំណរគុណ ដល់សមាជិកសភា ដែលបានប្រមូលផ្តុំគ្នានៅក្នុងសាល Westminster របស់សភា “ជាមុនសម្រាប់ យន្តហោះអង់គ្លេសដ៏មានឥទ្ធិពល” ដែលលោកចង់បាន ៕

Most Popular

To Top