ចិន៖ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានភូតកុហកពិភពលោក បន្ទាប់ពីសភាតំណាងរាស្រ្តបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីសម្រេចថ្កោលទោសសេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងអំពីបាឡុងចារកម្មឃ្លាំមើលហោះឆ្លងកាត់អាមេរិកខាងជើង យោងតាមការចេញផ្សាយពីគេហទំព័រ MSN ។
អ្នកនាំពាក្យក្រសួងការបរទេសចិន Mao Ning បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថ្ងៃសុក្រ ដោយចោទប្រកាន់សមាជិកសភាសហរដ្ឋអាមេរិកថា បានបំភ្លៃបាឡុងជាឧបាយកលនយោបាយសុទ្ធសាធ ហើយចិនមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់។
សេចក្តីថ្លែងការណ៍ដ៏តឹងរឹងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានរួបរួមគ្នាក្នុងការបោះឆ្នោត ៤១៩-០ ដើម្បីថ្កោលទោសទីក្រុងប៉េកាំងចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរនៃអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក និងការខិតខំប្រឹងប្រែងដើម្បីបញ្ឆោតសហគមន៍អន្តរជាតិតាមរយៈការអះអាងមិនពិតអំពីយុទ្ធនាការប្រមូលព័ត៌មានសម្ងាត់របស់ខ្លួន។
សមាជិកសភាគណបក្សសាធារណរដ្ឋក៏បានរិះគន់រដ្ឋបាលលោក Biden ផងដែរចំពោះការមិនធ្វើសកម្មភាពឆាប់បាញ់ទម្លាក់យន្តហោះ ខណៈវាហោះពីម៉ុនតាណាទៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង ទោះបីជាមន្ត្រីការពារជាតិបាននិយាយថា ពួកគេបានបិទសមត្ថភាពឃ្លាំមើលរបស់ខ្លួន។ បន្ទាប់ពីបាឡុងត្រូវបានគេរកឃើញ ហើយរូបថតត្រូវបានចែករម្លែកយ៉ាងទូលំទូលាយតាមប្រព័ន្ធអ៊ីនធើណេត រដ្ឋាភិបាលចិនបានអះអាងថា វត្ថុនោះគឺជាបាឡុងអាកាសធាតុស៊ីវិលដែលបានផ្លុំចេញ។
មន្ត្រីបាននិយាយថា ទីក្រុងប៉េកាំងបានបរាជ័យក្នុងការផ្តល់ព័ត៌មានបន្ថែមណាមួយ រួមទាំងសមត្ថភាពបញ្ជាដោយខ្លួនឯងរបស់បាឡុង ឬបច្ចេកទេសឃ្លាំមើលសញ្ញាទំនើបរបស់វាមានសមត្ថភាពធ្វើការប្រមូលព័ត៌មានសម្ងាត់ជាមួយនឹងអង់តែនជាច្រើន និងឧបករណ៍ផ្សេងទៀតត្រូវបានរចនាឡើងដើម្បីបង្ហោះព័ត៌មានរសើប និងបន្ទះស្រូបពន្លឺព្រះអាទិត្យដើម្បីផ្តល់ថាមពលដល់ពួកគេ៕ ដោយ៖លី ភីលីព