បរទេស៖ យន្តហោះចម្បាំងអាមេរិក មួយគ្រឿងបានទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយ នៅក្នុងដែនអាកាសកាណាដា តាមការបញ្ជាពីប្រធានាធិបតី Joe Biden និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau។ ឧបទ្ទវហេតុបាញ់ទម្លាក់នេះគឺជាលើកទីបីហើយដែលសហរដ្ឋអាមេរិក បានបំផ្លាញវត្ថុហោះហើរនៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថានៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ សេតវិមានបាននិយាយថា មេដឹកនាំទាំងពីរបាននិយាយអំពី “វត្ថុមិនស្គាល់អត្តសញ្ញាណ និងគ្មានមនុស្សបើក” ដែលប្រទះឃើញនៅក្នុង ដែនអាកាសអាមេរិកខាងជើង។ វាបានកត់សម្គាល់ថា យាននេះ “ត្រូវបានតាមដាន និងត្រួតពិនិត្យយ៉ាងដិតដល់ដោយបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ” ដោយលោក Biden បាននិយាយសង្ខេបអំពីបញ្ហានេះជានិច្ច។
សេចក្តីថ្លែងការណ៍បានសរសេរថា “ដោយមានការប្រុងប្រយ័ត្នច្រើន និងតាមអនុសាសន៍របស់យោធារបស់ពួកគេ ប្រធានាធិបតី Biden និងនាយករដ្ឋមន្ត្រីកាណាដាលោក Trudeau បានអនុញ្ញាតឱ្យបាញ់ទម្លាក់ចោល” ។ ប្រតិបត្តិការនេះធ្វើឡើងដោយប្រើយន្តហោះចម្បាំង F-22 របស់អាមេរិក។
នៅក្នុងការលើកឡើងដាច់ដោយឡែក លោក Trudeau បាននិយាយថា ឧបករណ៍នេះត្រូវបានទម្លាក់ពីលើទឹកដី Yukon នៅភាគពាយព្យប្រទេសកាណាដា។ លោកក៏បានបញ្ជាក់ផងដែរថា ទីក្រុង អូតាវ៉ានឹង «យកមកវិញ និងវិភាគបំណែកនៃវត្ថុនោះ»៕