បរទេស ៖ យោងតាមការចេញផ្សាយ ដោយកាសែត rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា យន្តហោះចម្បាំងF-35 របស់សហរដ្ឋអាមេរិក ចំនួន២គ្រឿង បានចូលរួមនៅក្នុងសមយុទ្ធយោធា ទ័ពអាកាសមួយនៅរដ្ឋ Bengaluru ប្រទេសឥណ្ឌា ។

ការចូលរួមបង្ហាញ វត្តមានលើកនេះ ត្រូវបានគេមើលឃើញថា វាបានក្លាយទៅជាលើកដំបូង ដែលយន្តហោះចម្បាំង របស់អាមេរិក បានចុះចតនៅលើទឹកដីឥណ្ឌា និងក៏ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រផងដែរ ដែលយន្តហោះចម្បាំងមួយចំនួន របស់រុស្សីក៏បានបង្ហាញវត្តមាន ជាលើកដំបូងក្នុងពេលជាមួយគ្នានេះ នៅទីនោះផងដែរ ។
មន្ត្រីជាន់ខ្ពស់របស់កងកម្លាំង យោធាអាមេរិកមួយរូប បានបញ្ជាក់ថាវត្តមានរបស់ F-35 នៅឥណ្ឌាលើកនេះ ស្ថិតនៅក្នុងគោលបំណង ដើម្បីអនុវត្តយុទ្ធសាស្ត្រជាដៃគូរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលក្រុងញូវដេលី។
ប៉ុន្តែទោះបីជា យ៉ាងណាក្តីឥណ្ឌា នៅមិនទាន់មានឈ្មោះជាផ្លូវការ ជាសម្ព័ន្ធមិត្តរបស់អាមេរិក ដែលនឹងទទួលបានសិទ្ធក្នុងការបញ្ជាទិញ យន្តហោះចម្បាំងនេះឡើយ ខណៈដែលឥណ្ឌាបានបន្តខិតខំចរចា បញ្ជាទិញនាពេលកន្លងមកក្តី៕
ប្រែសម្រួល៖ស៊ុនលី
