ព័ត៌មានអន្តរជាតិ

អាហ្វហ្គានីស្ថាន សម្រេចផ្លាស់ប្ដូរ អតីតមូលដ្ឋានទ័ពអាមេរិក ទៅជាតំបន់សេដ្ឋកិច្ច

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Bakhtar បានរាយការណ៍ថា រដ្ឋបាលចាំផ្ទះអាហ្វហ្គានីស្ថាន បានសម្រេចចិត្តផ្លាស់ប្តូរ អតីតមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ទៅជាតំបន់សេដ្ឋកិច្ច ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។

កាសែត Bakhtar បានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំ នៃគណៈកម្មការសេដ្ឋកិច្ចជាមួយ ឧបនាយករដ្ឋមន្ត្រីលោក Mullah Abdul Ghani Baradar នៅលើកៅអីដោយបន្ថែមថាគម្រោងសាកល្បង នឹងចាប់ផ្តើមពីទីក្រុងកាប៊ុល និង Balkh ហើយពង្រីកទៅផ្នែកផ្សេងទៀតនៃប្រទេស។

ប្រភពពី Bakhtar បានរាយការណ៍ថា មូលដ្ឋានយោធា បន្ទាប់ពីប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ច នឹងត្រូវប្រគល់ទៅឱ្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មជាបណ្តើរៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដកទ័ពចេញ ពីអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ ដោយបន្សល់ទុកមូលដ្ឋានទ័ព នៅក្នុងប្រទេសនេះជាច្រើនកន្លែង៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top