ព័ត៌មានអន្តរជាតិ

រកឃើញទីតាំងសង្ស័យថា ផ្នូរចំនួន១៧កន្លែងនៅក្នុងក្រុង British Columbia របស់ប្រទេសកាណាដា

អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រព័ន្ធរ៉ាដាដែលជ្រាបចូលដីបានរកឃើញទីតាំងផ្នូរដែលសង្ស័យចំនួន១៧កន្លែងនៅជុំវិញទ្រព្យសម្បត្តិរបស់អតីតសាលា Alberni Indian Residential School នៅក្នុងទីក្រុង British Columbia ប្រទេសកាណាដា ។

ផ្នូរដែលគេសង្ស័យចំនួន១៧កន្លែង គឺតំណាងឱ្យចំនួនអប្បបរមាដែលគេជឿថា មាននៅលើផ្ទៃដី១២នៃ១០០ហិកតាដែលពួកគេបានស្វែងរក ។ សារព័ត៌មានកាណាដាបានរាយការណ៍ដោយដកស្រង់សម្តីលោក Brian Whiting អ្នកគ្រប់គ្រងផ្នែកភូគព្ភសាស្ត្រ និងសហការជាមួយ GeoScan អ្នកអង្កេតដីធ្លីក្នុងស្រុកដែលបានធ្វើការស្កែនតាំងពីខែកក្កដាឆ្នាំមុន ។

ផ្អែកតាមការសម្ភាសន៍ជាមួយអ្នករស់រានមានជីវិត កំណត់ត្រាប្រវត្តិសាស្ត្រ និងឯកសារផ្សេងទៀតបានបង្ហាញថា សិស្សចំនួន៦៧នាក់បានស្លាប់នៅសាលានោះ ។

លោក Sheri Meding អ្នកស្រាវជ្រាវនាំមុខគេដែលធ្វើការងារជាមួយកំណត់ត្រាប្រវត្តិសាស្ត្រ និងសេចក្តីថ្លែងការណ៍របស់អ្នករស់រានមានជីវិត បានលើកឡើងថា កុមារជាច្រើននាក់ក្នុងចំណោម៦៧នាក់បានស្លាប់ដោយសារស្ថានភាពសុខភាព ។

កន្លែងបញ្ចុះសពជាច្រើនដោយគ្មានសញ្ញាសម្គាល់ សិស្សបានរកឃើញលលាដ៍ក្បាល និងសាកសពមនុស្សនៅជុំវិញដី និងបានឃើញមឈូសតូចៗដែលត្រូវបានគេយកចេញពីអគារនៅពេលយប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top