បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាម ធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្ត្រលើរុស្ស៊ី ក្នុងជម្លោះនៅអ៊ុយក្រែន មានន័យថា ទីក្រុងម៉ូស្គូមានសិទ្ធិការពារខ្លួន ដោយមធ្យោបាយណាមួយ ដែលចាំបាច់ រួមទាំងការប្រើអាវុធនុយក្លេអ៊ែរផងដែរ។ លោកបានព្រមានថា ឥស្សរជនអាមេរិកមិនគួរចាត់ទុកខ្លួនឯង ជាមនុស្សមិនអាចប៉ះពាល់បានឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក មេវេដេវ ដែលមានតួនាទី ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃពុធ បន្ទាប់ពីសុន្ទរកថាដែលបានធ្វើឡើង កាលពីថ្ងៃមុនដោយមេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក។
ថ្លែងទៅកាន់សភាសហព័ន្ធ ក៏ដូចជាមន្ត្រីរុស្ស៊ី និងឥស្សរជនផ្សេងទៀត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃអង្គារថា ទីក្រុងម៉ូស្គូផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងកាត់បន្ថយ អាវុធនុយក្លេអ៊ែរចុង ក្រោយដែលនៅសេសសល់ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។
ចំណែកលោក មេវេដេវ អតីតប្រធានាធិបតីវិញបានអះអាងថា លោកបានទន្ទឹងរង់ចាំយូរមកហើយ អំពីចំណាត់ការនេះ ហើយបានអះអាងថា វាគួរតែជាសារមួយ ដល់សហរដ្ឋអាមេរិក ដែលគិតថា វាអាច “ដេញតាមការបរាជ័យរបស់រុស្ស៊ី… ប៉ុន្តែសន្តិសុខជាយុទ្ធសាស្ត្រ គឺជាបញ្ហាមួយផ្សេងទៀត”។ អតីតមេដឹកនាំរូបនេះបានហៅការវែកញែកនេះថាជា “កំហុសដ៏អាក្រក់របស់អាមេរិក” ហើយបានព្រមានថា “ចាប់តាំងពីសហរដ្ឋអាមេរិក ចង់កម្ចាត់រុស្ស៊ី យើងមានសិទ្ធិការពារខ្លួន ដោយអាវុធណាមួយរួមទាំងនុយក្លេអ៊ែរផងដែរ” ៕ ប្រែសម្រួលៈ ណៃ តុលា
