បរទេស៖ របាយការណ៍ផ្តាច់មុខមួយ ដែលទទួលបានដោយកាសែត Global Times កាលពីថ្ងៃច័ន្ទ បង្ហាញថា យោធាអាមេរិកជាញឹកញាប់ បានធ្វើការឈ្លបយកការណ៍ យ៉ាងស្និទ្ធលើប្រទេសចិន រួមទាំងការប្រើប្រាស់បាឡុង ដែលធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសចារកម្មកំពូល នៅលើពិភពលោក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅឆ្នាំ ២០២២ ក្រុមហ៊ុនបច្ចេកវិទ្យា និងស៊ើបការណ៍របស់ចិន MizarVision បានប្រាប់ Global Times ដោយដកស្រង់ប្រភពបើកចំហរ Automatic Dependent Surveillance-Broadcast (ADS-B) ថា យោធាអាមេរិក បានអនុវត្តប្រតិបត្តិការឈ្លបយកការណ៍យ៉ាងជិតស្និទ្ធ នៅសមុទ្រចិនខាងត្បូងជាង ៦០០ ដងដោយប្រើយន្តហោះចារកម្ម ។
MizarVision បាននិយាយថា តួលេខលួចឈ្លបយកការណ៍ ពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារយន្តហោះអាមេរិកមួយចំនួន បិទឧបករណ៍តាមដាន ADS-B របស់ពួកគេ ឬប្រើក្លែងក្លាយ។
យោងតាមការត្រួតពិនិត្យរបស់ក្រុមហ៊ុន, ការឈ្លបយកការណ៍ជិតស្និទ្ធស្រដៀងគ្នានេះ ក៏បានកើតឡើងនៅសមុទ្រចិនខាងកើត រួមទាំងនៅក្នុងខែសីហា នៅពេលដែលកងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅជុំវិញកោះតៃវ៉ាន់ ។
បើតាមក្រុមហ៊ុនស៊ើបអង្កេត គឺថា យន្តហោះដែលដាក់ពង្រាយញឹកញាប់រួមមាន យន្តហោះឈ្លបយកការណ៍សញ្ញាអេឡិចត្រូនិក EP-3E, យន្តហោះល្បាត និងឈ្លបយកការណ៍ដែនសមុទ្រ P-8A, យន្តហោះឈ្លបយកការណ៍ RC-135 , យន្តហោះបញ្ជា និងគ្រប់គ្រងលើអាកាស E-8C និងយន្តហោះឈ្លបយកការណ៍ រយៈកម្ពស់ខ្ពស់ U-2៕ ប្រែសម្រួលៈ ណៃ តុលា