បរទេស៖ នៅព្រឹកថ្ងៃសុក្រ ម៉ោងនៅទីក្រុងប៉េកាំង, ប្រទេសចិនបានចេញផ្សាយឯកសារ១២ចំណុច ដែលមានចំណងជើងថា “ជំហររបស់ចិន លើការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន”។ ជាការឆ្លើយតប មន្ត្រីអាមេរិកបានហៅឯកសារនេះភ្លាមៗថា ជាការរំខាន ដែលមានន័យថា បិទបាំងការចោទប្រកាន់របស់ប្រទេសចិនដែលគាំទ្ររុស្ស៊ី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយរំលឹកឡើងវិញនូវការអត្ថាធិប្បាយដែលគ្មានមូលដ្ឋានពីមុនដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken មន្ត្រីអាមេរិកកំពុងប្រកាន់ខ្ជាប់នូវការអះអាងដែលថា ចិនកំពុងពិចារណាបញ្ជូនអាវុធទៅឱ្យរុស្ស៊ី ដើម្បីជំរុញប្រតិបត្តិការយោធាពិសេសដែលកំពុងបន្ត។
ដោយលើកឡើងពីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដែលបានដឹងជាមួយរបាយការណ៍ចារកម្ម សារព័ត៌មានអាមេរិកបានរាយការណ៍ថា សព្វាវុធរបស់ចិនត្រូវបានគេអះអាងថា កំពុងពិចារណាបញ្ជូនទៅកាន់ទីក្រុងមូស្គូ រួមមានកាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើក ដែលនឹងត្រូវបានប្រើដើម្បីការពារការវាយលុករបស់អ៊ុយក្រែននៅរដូវក្តៅនេះ។
ប្រសិនបើជាការពិត មន្ត្រីអាមេរិកនិយាយថា ការសម្រេចចិត្តនេះនឹងជំរុញឱ្យមានការពិភាក្សាអំពីការដាក់ទណ្ឌកម្មលើប្រទេសចិន។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ “មិនទាន់មានភស្តុតាងណាមួយទេ” ដែលថា ប្រទេសចិនកំពុងជួយរុស្ស៊ីក្នុងផ្នែកយោធានោះទេ។ លោក Biden បាននិយាយថា លោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សមភាគីចិនលោក Xi Jinping ថា ការគាំទ្រណាមួយពីប្រទេសចិនចំពោះរុស្ស៊ី នឹងមានផលវិបាក និងបានរំលឹកលោក Xi Jinping ថា សេដ្ឋកិច្ចចិនពឹងផ្អែកលើការវិនិយោគពីបណ្តាប្រទេស និងក្រុមហ៊ុនលោកខាងលិច។ ក្រោយមកលោកបានប្រាប់សារព័ត៌មានអាមេរិកថា អាមេរិកនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសចិន ប្រសិនបើប្រទេសនេះផ្តល់ជំនួយផ្នែកយោធាដល់រុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា