អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសកាណាដា នឹងបរិច្ចាគរថក្រោះប្រយុទ្ធសំខាន់ Leopard 2 ចំនួន ៤គ្រឿងបន្ថែមទៀត ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ខណ:ស៊ុយអែតក៏ប្រកាសដូចគ្នាដែរ។
លោក Trudeau បានឧ្យដឹងថា ប្រទេសកាណាដាក៏នឹងបរិច្ចាគរថពាសដែកមួយ និងគ្រាប់រំសេវជាង ៥០០០ជុំផងដែរ ហើយនឹងដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពជិត ២០០ បន្ថែមទៀត រួមទាំងសមាជិកសភា និងរដ្ឋមន្ត្រីនៃសភាជាន់ទាបរបស់រុស្ស៊ីផងដែរ។
កាលពីថ្ងៃសុក្រផងដែរ រដ្ឋមន្ត្រីក្រសួងការបរទេស Mélanie Joly បានប្រកាសផ្តល់វិភាគទានចំនួនជាង ៣២លានដុល្លារកាណាដា (២៥,៦លានដុល្លារអាមេរិក) ដល់អ៊ុយក្រែនសម្រាប់ការដោះមីន និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដើម្បីដោះស្រាយអំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ និងការប្រឆាំងនឹងការគំរាមកំហែងគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។
កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិកាណាដា Anita Anand បានឧ្យដឹងថា ប្រទេសនេះនឹងបញ្ជូនរថក្រោះប្រយុទ្ធចំនួនបួនទៅកាន់អ៊ុយក្រែន។ កងកម្លាំងប្រដាប់អាវុធកាណាដាបច្ចុប្បន្នមានរថក្រោះប្រយុទ្ធ Leopard 2 ផលិតដោយអាល្លឺម៉ង់ចំនួន ៨២គ្រឿង។
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក ប្រទេសកាណាដាបានសន្យាផ្តល់ជំនួយជាង ៥ពាន់លានដុល្លារកាណាដា (៤ពាន់លានដុល្លារអាមេរិក) ក្នុងការគាំទ្រពហុភាគីដល់អ៊ុយក្រែន។
យោងតាមការស្ទង់មតិថ្មីមួយ ដែលធ្វើឡើងដោយប្រជាជន កាណាដា ៤៨ភាគរយ បានយល់ស្របថាកាណាដា មិនអាចផ្តល់ជំនួយហិរញ្ញវត្ថុ ដល់អ៊ុយក្រែនបានទេ៕
ប្រែសម្រួល ឈូក បូរ៉ា