បរទេស៖ មន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីនបានសន្យាអនុវត្តវិធានការដើម្បីកាត់បន្ថយអំពើហិង្សា ដែលកំពុងកើនឡើងបន្ទាប់ពីកិច្ចពិភាក្សាក្នុងប្រទេសហ្ស៊កដានី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំនៅក្នុងរមណីយដ្ឋានសមុទ្រក្រហម Aqaba កាលពីថ្ងៃអាទិត្យ មន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីនបានឲ្យដឹងថា ពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីការពារ “អំពើហិង្សាបន្ថែមទៀត” ហើយថាពួកគេ “បញ្ជាក់ឡើងវិញនូវភាពចាំបាច់នៃការប្តេជ្ញាចិត្ត ដើម្បីកាត់បន្ថយការកើនឡើងនៅលើ ដី”។
សេចក្តីថ្លែងការណ៍រួមមួយបានឲ្យដឹងថា អ៊ីស្រាអែលបានប្តេជ្ញាបញ្ឈប់ “ការពិភាក្សាអំពីការបង្កើតអង្គភាពតាំងទីលំនៅថ្មីណាមួយសម្រាប់រយៈពេល ៤ខែ និងបញ្ឈប់ការយល់ព្រមលើការតាំងទីលំនៅថ្មីសម្រាប់រយៈពេល ៦ខែ” ។
បន្ទាប់ពី “ការពិភាក្សាគ្នាហ្មត់ចត់ និងដោយស្មោះត្រង់” ភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល “បានអះអាងសារជាថ្មីអំពីតម្រូវការក្នុងការប្តេជ្ញាចិត្តកាត់បន្ថយការកើនឡើងជម្លោះនៅលើដី និងដើម្បីការពារអំពើហិង្សាបន្ថែមទៀត”។
សេចក្តីថ្លែងការណ៍រួមបានធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចប្រជុំមួយ ដែលមានការចូលរួមពីមន្ត្រីអាមេរិក អេហ្ស៊ីប និងហ្សកដានី ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការកើនឡើងនៃអំពើហិង្សាក្នុងដំណើរឆ្ពោះទៅកាន់ខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅចុងខែមីនា៕ប្រែសម្រួល ឈូក បូរ៉ា