ព័ត៌មានអន្តរជាតិ

ផលប៉ះពាល់ នៃការចែកចាយអាវុធ ទៅឱ្យអ៊ុយក្រែន របស់យោធាអាល្លឺម៉ង់ ត្រូវបានបង្ហាញ

បរទេស ៖ យោងតាមលោកវរសេនីយ៍ឯក Andre Wustner ប្រធានសមាគមកង កម្លាំងប្រដាប់អាវុធ អាល្លឺម៉ង់ (DBwV) បានឱ្យដឹងថា យោធាអាល្លឺម៉ង់ កំពុងប្រឈមនឹង ការខ្វះខាតផ្នែករឹងសំខាន់ៗ ដែលជាលទ្ធផល នៃការផ្គត់ផ្គង់អាវុធរបស់ទីក្រុងប៊ែកឡាំង ដល់អ៊ុយក្រែនសម្រាប់ប្រើប្រាស់ ក្នុងជម្លោះរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីខែកុម្ភៈកន្លងទៅ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្តេជ្ញាថា នឹងបណ្តាក់ទុនចំនួន ១០០ពាន់លានអឺរ៉ូ (១០៥,៦ ពាន់លានដុល្លារ) នៅក្នុងកងកម្លាំងអាល្លឺម៉ង់ ( Bundeswehr) ក្នុងគោលបំណង ធ្វើឱ្យកងកម្លាំងរបស់អាល្លឺម៉ង់ ក្លាយជាយោធា ដែលមានឧបករណ៍ល្អបំផុត នៅអឺរ៉ុប ។ ទោះជាយ៉ាងណាក៏ដោយ លោក Wustner បានប្រាប់កាសែត Bild am Sonntag កាលពីថ្ងៃអាទិត្យថា មួយឆ្នាំទៀត ការសន្យារបស់ Scholz នៅតែមិនបានសម្រេចនោះដែរ។

ប្រធានសហជីព ដែលតំណាងឱ្យការបម្រើ និងជាអតីតទាហានអាល្លឺម៉ង់រូបនេះបាននិយាយថា “សម្រាប់ទាហាន គ្មានអ្វីប្រសើរឡើងគួរ ឱ្យកត់សម្គាល់ចាប់តាំងពី ពេលនោះមក” ។

លោកបានពន្យល់ថា Bundeswehr មិនមានការត្រៀម ខ្លួនក្នុងប្រតិបត្តិការពេញលេញទេ សូម្បីតែមុនពេលមានជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ក៏ដោយ ប៉ុន្តែការប្រគល់អាវុធ របស់អាល្លឺម៉ង់ទៅឱ្យរដ្ឋាភិបាលទីក្រុងគៀវ បានបង្កើនចន្លោះប្រហោងក្នុង ការផ្គត់ផ្គង់សម្ភារៈរបស់ខ្លួន៕

Most Popular

To Top