ព័ត៌មានអន្តរជាតិ

អ្នកជំនាញអ៊ីរ៉ង់ថា ទីក្រុងតេហេរ៉ង់ ទំនងជាអាចប្រើ ឧទ្ធម្ភាគចក្រ Ka-52 និង Mi-28

បរទេស ៖ រុស្ស៊ីមានការរីកចម្រើន គួរឱ្យកត់សម្គាល់ក្នុងការ ផលិតឧទ្ធម្ភាគចក្រទំនើបៗ ដែលប្រើប្រាស់ សម្រាប់គោលបំណងផ្សេងៗគ្នា, នេះតាមការលើកឡើងរបស់លោក Mohammad Hassan Sangtrash អ្នករចនាអាវុធអ៊ីរ៉ង់ និងជាអ្នកស្រាវជ្រាវ យុទ្ធសាស្ត្រសន្តិសុខ និងការពារក្នុងទំនាក់ទំនងអន្តរជាតិ បានប្រាប់ Sputnik ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Igor Levitin ដែលជាជំនួយការពិសេស របស់ប្រធានាធិបតីរុស្ស៊ី ថ្មីៗនេះបានរាយការណ៍ពីការត្រៀម ខ្លួនរបស់ក្រុមហ៊ុនរុស្ស៊ីសម្រាប់ “ការផលិតឧទ្ធម្ភាគចក្ររួមគ្នា” ជាមួយអ៊ីរ៉ង់។ ក្រុមប្រឹក្សាអ៊ីស្លាមនៃប្រទេសអ៊ីរ៉ង់ បានប្រកាសទិញប្រព័ន្ធការពារដែនអាកាស ដែលផលិតដោយរុស្ស៊ី មីស៊ីល ក៏ដូចជាយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រពីរុស្ស៊ី ។

លោក Sangtrash បាននិយាយថា “ប្រវត្តិសាស្រ្តនៃវត្តមានរបស់ឧទ្ធម្ភាគចក្រ រុស្ស៊ីនៅក្នុងប្រទេសអ៊ីរ៉ង់មានតាំងពីឆ្នាំ ១៩៩៨-២០០០ នៅពេលដែលអាវុធផ្នែកអាកាសរបស់អ៊ីរ៉ង់ចាស់ៗ ហើយពេលខ្លះត្រូវបាន ឈប់ប្រើប្រាស់ដោយសារតែសង្គ្រាម៨ឆ្នាំជាមួយរបប Baathist នៅក្នុងប្រទេសអ៊ីរ៉ាក់” Sangtrash បាននិយាយថា ។

លោកបានបន្ថែមថា ឧទ្ធម្ភាគចក្រទាំងនេះ ដែលមានដូចជា ឧទ្ធម្ភាគចក្រប្រភេទ Mi-17 “ត្រូវបានសរសើរដោយអ្នកប្រើប្រាស់អ៊ីរ៉ង់ ដោយសារតម្លៃថែទាំទាប និងបេសកកម្មផ្សេងៗ” ដែលឧទ្ធម្ភាគចក្របានអនុវត្ត រួមទាំងប្រតិបត្តិការដែលទាក់ទងនឹង “ប្រតិបត្តិការរសើប ដូចជាការរឹបអូសនាវាដឹក ប្រេងរបស់លោកខាងលិច។

លោកបាននិយាយថា “ភាពខុសគ្នា នៃឧទ្ធម្ភាគចក្ររុស្ស៊ីគឺមិនធម្មតា” ដោយលោកមិនបានច្រានចោលថា ឧទ្ធម្ភាគចក្រ ដូចជា ប្រភេទ Ka-52 និង Mi-28 “អាចត្រូវបានប្រើប្រាស់ជាយន្តហោះប្រយុទ្ធនៅក្នុងអង្គការការពារជាតិរបស់អ៊ីរ៉ង់” ។ លើសពីនេះ លោកបានចង្អុលទៅឧទ្ធម្ភាគចក្រ Mi-26 និង Ka-226 ពហុបំណង ក៏ដូចជា ឧទ្ធម្ភាគចក្រដឹកជញ្ជូន K-32 ដែលលោកបាននិយាយថា អ៊ីរ៉ង់ក៏អាចទទួលបានផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top