ព័ត៌មានអន្តរជាតិ

Update៖ យន្តហោះគ្មានមនុស្ស ចំនួន១គ្រឿង បានធ្លាក់លើទឹកដីរុស្ស៊ី

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ មីនា ឆ្នាំ២០២៣ថា អភិបាលតំបន់បានឲ្យដឹងថា យន្តហោះគ្មានមនុស្ស បើកចំនួន១គ្រឿង បានធ្លាក់នៅក្នុងតំបន់ម៉ូស្គូ ក្នុងអ្វីដែលទំនងជាការប៉ុនប៉ង កំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។

លោក Andrei Vorobyov បានថ្លែងបន្ទាប់ពីក្រសួងការពារជាតិ រាយការណ៍ថា បានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែន ចំនួន២គ្រឿង នៅភាគខាងត្បូងប្រទេសរុស្ស៊ី ។

អ៊ុយក្រែន មិនអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ីនោះទេ ។

ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom ប្រតិបត្តិការរោងចក្រមួយនៅជិតភូមិ Gubastovo ប្រហែល១០០គីឡូម៉ែត្រ ពីទីក្រុងម៉ូស្គូ ជាកន្លែងដែលយន្តហោះគ្មាន មនុស្សបើកធ្លាក់ ។

ក្រុមហ៊ុន Gazprom បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti ថា ប្រតិបត្តិការរបស់ខ្លួននៅក្នុងស្រុក Kolomna មិនត្រូវបានរំខានទេ ។

លោក Vorobyov បានបង្ហោះ នៅលើបណ្តាញ Telegram ថា គោលដៅរបស់យន្តហោះគ្មានមនុស្សបើកនៅ Kolomna “ប្រហែលជាកន្លែងហេដ្ឋារចនា សម្ព័ន្ធស៊ីវិល ដែលមិនត្រូវបានខូចខាត” ។

លោកបានឲ្យដឹងថា “មិនមានអ្នកស្លាប់ ឬការខូចខាត នៅលើដីនោះទេ ។ FSB (សេវាសន្តិសុខរុស្ស៊ី) និងអាជ្ញាធរមានសមត្ថកិច្ចផ្សេង ទៀតកំពុងស៊ើបអង្កេត” ។

រូបភាពដែលបានចែករំលែក ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងមន្ត្រីបង្ហាញ យន្តហោះគ្មាន មនុស្សបើកដែលរងការខូចខាត នៅក្នុងវាលដែលគ្របដណ្តប់ដោយព្រិល នៅពីមុខព្រៃនៃដើមឈើ ។ តំបន់ជុំវិញរោងចក្រ Gazprom មានព្រៃឈើច្រើន។

រូបរាងរបស់យន្តហោះគ្មានមនុស្សបើកត្រូវនឹង UJ-22 Airborne ដែលជាផលិតផលរបស់ក្រុមហ៊ុនផលិតអ៊ុយក្រែន Ukrjet ៕

Most Popular

To Top