ម៉ូស្គូ៖ កងកម្លាំងរុស្ស៊ីបានរុញទៅមុខរយៈពេលជាច្រើនសប្តាហ៍របស់ពួកគេ ដើម្បីឡោមព័ទ្ធ និងដណ្តើមយកទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន ជាកន្លែង ដែលមេបញ្ជាការកងកម្លាំងជើងគោកអ៊ុយក្រែន បានពណ៌នាស្ថានភាពថា “តានតឹងខ្លាំង” ។
យោធាអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីកំពុងបាញ់ផ្លោងការតាំងទីលំនៅជុំវិញទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្គ្រាមប្រហែល ៧០០០០នាក់ ប៉ុន្តែឥឡូវនេះស្ថិតនៅក្នុងការបំផ្លិចបំផ្លាញបន្ទាប់ពីសង្រ្គាមលេណដ្ឋានដ៏ខ្លាំងក្លាជាច្រើនខែ។
យោធាបាននិឲ្យដឹងនៅព្រឹកថ្ងៃអង្គារម្សិលមិញនេះថា “ក្នុងរយៈពេលមួយថ្ងៃកន្លងមក ទាហានរបស់យើង បានវាយលុកការវាយប្រហាររបស់សត្រូវច្រើនជាង 60” រួមទាំងនៅលើភូមិ Yadhidne និង Berkhivka ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Bakhmut ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំដល់សេវាសន្តិសុខសហព័ន្ធ (FSB) កាលពីថ្ងៃអង្គារ ដើម្បីពង្រឹងកងកម្លាំងនៅក្នុងតំបន់ទាំង៤ ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយផ្នែកប៉ុណ្ណោះដោយកងកម្លាំងរបស់លោក ហើយថែមទាំងប្រឆាំងនឹងអ្វីដែលលោកបានពិពណ៌នាថាជាសកម្មភាពចារកម្ម និងការបំផ្លិចបំផ្លាញប្រឆាំងនឹងប្រទេសរុស្ស៊ីដោយអ៊ុយក្រែន និងលោកខាងលិច។
លោកបានឲ្យដឹងបន្ទាប់ពីអភិបាលតំបន់រុស្ស៊ី បានលើកឡើងថា យន្តហោះដ្រូនបានធ្លាក់នៅជិតស្ថានីយ៍ចែកចាយឧស្ម័នធម្មជាតិមួយកាលពីថ្ងៃអង្គារនៅក្នុងការវាយប្រហារ ដែលបរាជ័យជាក់ស្តែងនៅជិតទីក្រុង Kolomna ចម្ងាយត្រឹមតែ ១១០គីឡូម៉ែត្រ (៦៨ ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងម្តងទៀតនូវជំហររបស់ទីក្រុងមូស្គូថា ខ្លួនបើកចំហ សម្រាប់ការចរចាសន្តិភាព ប៉ុន្តែទីក្រុងគៀវ និងសម្ព័ន្ធមិត្តលោកខាងលិចត្រូវតែទទួលយកការបញ្ចូលរបស់រុស្ស៊ីនៃតំបន់អ៊ុយក្រែនចំនួន៤ គឺ Donetsk, Luhansk, Kherson និង Zaporizhia បន្ទាប់ពីការបោះឆ្នោតប្រជាមតិកាលពីខែកញ្ញា ឆ្នាំមុនដែលទីក្រុងគៀវ និងលោកខាងលិចបានអះអាងថា ជាការបោះឆ្នោតខុសច្បាប់៕
ប្រែសម្រួល ឈូក បូរ៉ា