គៀវ៖ ទីក្រុង Bakhmut ភាគខាងកើតដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាម អាចនឹងធ្លាក់មកលើកងកម្លាំងរុស្ស៊ី ដោយមន្ត្រីក្រុងគៀវ បានឲ្យដឹងថា យោធារបស់ខ្លួនកំពុងសញ្ជឹងគិត អំពីការដកកងទ័ពចេញពីទីក្រុង ដែលបានក្លាយជានិមិត្តរូប នៃការតស៊ូរបស់អ៊ុយក្រែន។
លោក Alexander Rodnyansky ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន វូលូឌីមៀ ហ្សេឡិនស្គី បានប្រាប់ CNN ថា យោធារបស់ទីក្រុងគៀវ គឺ “ច្បាស់ណាស់នឹងថ្លឹងថ្លែង នូវជម្រើសទាំងអស់”។ លោកបានបន្តថា “រហូតមកដល់ពេលនេះ ពួកគេបានកាន់កាប់ទីក្រុង ប៉ុន្តែប្រសិនបើចាំបាច់ ពួកគេនឹងដកថយជាយុទ្ធសាស្ត្រ”។
ទីក្រុង Bakhmut គឺជាកន្លែងប្រយុទ្ធដ៏ខ្លាំងក្លាបំផុតមួយក្នុងសង្គ្រាម មិនធ្លាប់មានចាប់តាំងពីជម្លោះ បានចាប់ផ្តើមកាលពីជាងមួយឆ្នាំមុន។ ការប៉ះទង្គិចកាន់តែខ្លាំងឡើង ក្នុងពេលថ្មីៗនេះរវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន នៅជុំវិញទីក្រុងឧស្សាហកម្ម។ លោក ហ្សេឡិនស្គី បានប្តេជ្ញាការពារ Bakhmut ដោយថាវាមានសារៈសំខាន់ណាស់ ក្នុងការរក្សាទីក្រុងនេះ ប៉ុន្តែមិនមានតម្លៃនោះទេ។
ទីក្រុងដែលមានទីតាំងស្ថិតក្នុងតំបន់ Donetsk របស់អ៊ុយក្រែនបានក្លាយជានិមិត្តរូបសំខាន់ នៃការតស៊ូ។ ទីក្រុងនេះបានក្លាយជាសម្រែកប្រយុទ្ធថ្នាក់ជាតិ សម្រាប់ទាហានអ៊ុយក្រែន អ្នកគាំទ្ររបស់ពួកគេ និងសូម្បីតែលោក ហ្សេឡិនស្គី។
សម្រាប់រុស្ស៊ី ទីក្រុងនេះបើត្រូវបានគេចាប់យកបាន នោះនឹងដើរតួនាទីជាជំហានមួយ ឆ្ពោះទៅរកគោលដៅដណ្តើមយកតំបន់ដុនបាស ទាំងមូល ដែលជាសង្គ្រាមដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានកំណត់ក្នុងគោលបំណងនៅពេលដែលលោកបានចាប់ផ្តើមការលុកលុយ កាលពីខែកុម្ភៈមុន៕ ប្រែសម្រួល ឈូក បូរ៉ា