ព័ត៌មានអន្តរជាតិ

CIA ថា ប្រធានាធិបតិបតីចិន បានបញ្ជាឱ្យយោធាចិន ចូលឈ្លានពានកោះតៃវ៉ាន់ ក្នុងរយៈពេល៤ឆ្នាំ

បរទេស៖ នៅពេលដែលគណៈប្រតិភូចុងក្រោយបង្អស់ពីសភាតំណាងរាស្រ្ត បានត្រឡប់មកពីតៃវ៉ាន់វិញ ពួកគេមានសារមួយសម្រាប់សភាថា កោះតៃវ៉ាន់ត្រូវការអាវុធ និងការបណ្តុះបណ្តាលឥឡូវនេះ។ ពួកគេជឿថា សហរដ្ឋអាមេរិកត្រូវការពន្លឿនចំនួន និងកម្លាំងអាវុធដែលខ្លួន បានសន្យាចំពោះទីក្រុងតៃប៉ិ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានអាវុធដែលមិនទាន់បានប្រគល់ជូនដល់ទៅ ១៩ ពាន់លានដុល្លារ។

យោងតាមវែបសាយ MSN ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សហរដ្ឋអាមេរិក ប្រហែលជាមានពេលបន្តិចទៀត ក្នុងការផ្តល់អាវុធ ប៉ុន្តែមានតែបន្តិចបន្តួចប៉ុណ្ណោះ។ នាយក CIA លោក William Burns បានប្រាប់ទូរទស្សន៍ CBS “Face the Nation” ថា ប្រធានាធិបតីចិនលោក Xi Jinping បានណែនាំយោធាចិនឱ្យត្រៀមខ្លួន ដើម្បីឈ្លានពានតៃវ៉ាន់ក្នុងរយៈពេល ៤ ឆ្នាំ។ ហើយនោះមិនមែនជារយៈពេលបួនឆ្នាំពេញ ដែលកោះតៃវ៉ាន់ត្រូវរៀបចំនោះទេ។ ទោះបីជាក្រោយពេលប្រគល់សព្វាវុធ ហើយក៏តៃវ៉ាន់នៅតែត្រូវហ្វឹកហាត់ ជាមួយសព្វាវុធទាំងនោះដដែល។

លោក Burns បាននិយាយថា “យើងដឹងហើយ ដូចដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈថា លោកប្រធានាធិបតី Xi បានណែនាំ កងកម្លាំងប្រជាជនចិន (PLA), ថ្នាក់ដឹកនាំយោធាចិន ឱ្យត្រៀមខ្លួននៅឆ្នាំ ២០២៧ ដើម្បីឈ្លានពានកោះតៃវ៉ាន់ ប៉ុន្តែវាមិនមានន័យថា គាត់បានសម្រេចចិត្តឈ្លានពាន នៅឆ្នាំ២០២៧ ឬឆ្នាំណាមួយផ្សេងទៀតនោះទេ។

តាមប្រវត្តិសាស្ត្រ រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយ នៃប្រទេសចិន។ រដ្ឋាភិបាលកោះតៃវ៉ាន់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីមេដឹកនាំជាតិនិយមចិន Chiang Kai-Shek ត្រូវបានបង្ខំឱ្យដកថយទៅកោះនេះ នៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិលចិន។ នៅទីនោះ គាត់បានបង្កើតសាធារណរដ្ឋចិន ដែលជារដ្ឋផ្តាច់ការតែមួយ រហូតដល់ចុងទសវត្សរ៍ឆ្នាំ ១៩៨០៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top