ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការលក់អាវុធរបស់អាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ចិន

ប៉េកាំង៖ ក្រសួងការពារជាតិ របស់ប្រទេសចិន បានសម្តែងការប្រឆាំង យ៉ាងម៉ឺងម៉ាត់ ចំពោះការលក់អាវុធ របស់សហរដ្ឋអាមេរិកទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅ នឹងការស៊ើបអង្កេតសារព័ត៌មាន ស្តីពីការយល់ព្រមពីក្រសួង ការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ នៃការលក់អាវុធជុំថ្មីមួយទៅកោះតៃវ៉ាន់។

ដោយកត់សម្គាល់ថា ចំណាត់ការរបស់សហរដ្ឋអាមេរិកបានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងច្បាស់នោះ លោក Tan បានលើកឡើងថា ប្រទេសចិន មានការមិនពេញចិត្តជាខ្លាំង និងបានដាក់តំណាងយ៉ាងតឹងរ៉ឹងជាមួយភាគីសហរដ្ឋអាមេរិក។

ទង្វើ​នេះ​បាន​បំពាន​ យ៉ាង​ធ្ងន់ធ្ងរ​ ដល់​គោលការណ៍​ចិន​តែមួយ និង​សេចក្ដីថ្លែងការណ៍រួមចិន​-​អាមេរិក​ទាំង៣ ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា បានបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខ របស់ប្រទេសចិន ហើយបានបង្កការ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

លោក Tan បានបន្ដថា “យើងជំរុញ ឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធឱ្យ និងទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ ហើយបញ្ឈប់ការជ្រៀតជ្រែក ក្នុងសំណួរតៃវ៉ាន់ និងបង្កើនភាពតាន តឹងនៅទូទាំងច្រកសមុទ្រ” ។

លោកបន្ថែមថា “កងទ័ពរំដោះប្រជាជនចិន តែងតែត្រៀមខ្លួនយ៉ាងល្អ ដើម្បីចាត់វិធានការប្រឆាំងនឹង ការញុះញង់គ្រប់ប្រភេទ ដែលស្វែងរកឯករាជ្យភាព របស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ និងដើម្បីការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី របស់ប្រទេសចិន”៕

Most Popular

To Top