ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ព្រមានពីយោធាចិន ចូលមកជិតដែនដី កោះរបស់ខ្លួន

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ថា លោក Chiu Kuo-cheng រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ បានព្រមាននៅថ្ងៃចន្ទនេះថា កោះនេះត្រូវតែមានការ ប្រុងប្រយ័ត្នក្នុងឆ្នាំនេះ សម្រាប់ “ការចូលភ្លាមៗ” ដោយយោធាចិន ចូលទៅក្នុងតំបន់ជិតស្និទ្ធ នឹងទឹកដីរបស់ខ្លួន ចំពេលមានភាពតានតឹង ផ្នែកយោធាកើនឡើងនៅទូទាំងច្រកសមុទ្រកោះតៃវ៉ាន់ ផងដែរ ។

គេបានដឹងថា ប្រទេសចិន បានបង្កើនសកម្មភាពយោធា របស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការលុកលុយ របស់កងទ័ពអាកាសស្ទើរតែរាល់ថ្ងៃ ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែន អាកាសរបស់កោះនេះទៀតផង ។

ទោះជាយ៉ាងណាក៏ដោយ កោះតៃវ៉ាន់មិន បានរាយការណ៍ពីឧប្បត្តិហេតុណាមួយ នៃកងកម្លាំងចិន ដែលចូលក្នុងតំបន់ជាប់គ្នា របស់ខ្លួនដែលមាន ចម្ងាយ៤៤,៤គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន ។ ប៉ុន្តែតៃវ៉ាន់ នេះបានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកស៊ីវិលដែលបានចូលដែន អាកាសរបស់ខ្លួននៅជិតកោះមួយនៅឆ្នេរសមុទ្រចិន កាលពីឆ្នាំមុន ។

ឆ្លើយសំណួររបស់សមាជិកសភា ក្នុងសភា លោក Chiu បានថ្លែងថា កងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា (PLA) អាចនឹងរកលេស ដើម្បីចូលទៅកាន់តំបន់ជិតដែនអាកាស និងដែនសមុទ្ររបស់កោះតៃវ៉ាន់ នៅគ្រាដែលកោះនេះបង្កើនការផ្លាស់ប្តូរ យោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលជាការខឹងសម្បារ របស់ទីក្រុងប៉េកាំង ៕

Most Popular

To Top