បរទេស៖ ក្រុមសិទ្ធិស្រ្តីនៅទីក្រុងបាងកក កាលពីថ្ងៃពុធបានអំពាវនាវឱ្យបញ្ឈប់ការរើសអើង ទៅលើអ្នកធ្វើការងារផ្លូវភេទនៅក្នុងប្រទេសថៃ រួមជាមួយនឹងវិធានការទូលំទូលាយជាច្រើន ដែលគាំទ្រដល់ស្ត្រី។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមដែលបានប្រមូលផ្តុំគ្នា នៅជិតវិមានរដ្ឋាភិបាល ដើម្បីប្រារព្ធទិវានារីអន្តរជាតិបាននិយាយថា ការធ្វើឱ្យការងាររកស៊ីផ្លូវភេទស្របច្បាប់ នឹងជួយធានាថា អ្នកដែលធ្វើការក្នុងពាណិជ្ជកម្ម នឹងត្រូវបានការពារដោយសិទ្ធិការងារ។
ក្រុមសិទ្ធិស្រ្តីដដែល ក៏បានអំពាវនាវ ឱ្យមានការឈប់សម្រាកលំហែមាតុភាពទ្វេដងដល់ ១៨០ ថ្ងៃ និងការឈប់សម្រាក សម្រាប់កម្មករនៅ ពេលដែលពួកគេឈឺចាប់ពេលមករដូវ។ ពួកគេក៏បានស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ ចំនួន ៣ ០០០ បាតក្នុងមួយខែសម្រាប់រាល់ខែ នៃការមានផ្ទៃពោះ សេវារំលូតកូនដោយសុវត្ថិភាព និងឥតគិតថ្លៃ ហើយថាថ្ងៃទី ៨ ខែមីនា ត្រូវបានទទួលស្គាល់ថាជាថ្ងៃឈប់សម្រាកសាធារណៈ។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានពាំនាំនូវពាក្យជូនពរ របស់លោកទៅកាន់ស្ត្រី និងក្រុមអ្នកតស៊ូមតិអភិវឌ្ឍន៍ស្ត្រីថៃ នៅថ្ងៃពុធ តាមរយៈវិទ្យុថៃ នៅពេលលោកចូលរួមសង្កេតការណ៍ ក្នុងថ្ងៃនោះ៕ ប្រែសម្រួលៈ ណៃ តុលា