ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន ប្រកាសកញ្ចប់ ថវិកាជាតិឆ្នាំ២០២៤

វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសអំពីសំណើថវិការបស់លោក សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ របស់មហាអំណាចអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សំណើដែលមាន ១៨២ ទំព័របានព្យាករណ៍ពីការចំណាយ របស់រដ្ឋាភិបាលសហព័ន្ធចំនួន ៦,៩ ពាន់ពាន់លានដុល្លារអាមេរិកពេញមួយឆ្នាំសារពើពន្ធ ២០២៤ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ និង បញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

លោក បៃដិន បានលើកឡើងថា ផែនការថវិការបស់លោក មានគោលបំណងកាត់បន្ថយ ឱនភាពជិត ៣ពាន់ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ “ដោយការធ្វើឱ្យក្រុមហ៊ុនអ្នកមាន និងសាជីវកម្មធំ ៗ បង់ចំណែកដោយយុត្តិធម៌ របស់ពួកគេ” ។

លោកបានឲ្យដឹងនៅក្នុងសារជាលាយលក្ខណ៍អក្សរ ទៅកាន់សភាថា “យើងស្នើឱ្យមានពន្ធអប្បបរមារបស់មហាសេដ្ឋី ដោយតម្រូវឱ្យជនជាតិអាមេរិក ដែលមានទ្រព្យសម្បត្តិច្រើនជាងគេត្រូវបង់យ៉ាងហោចណាស់ ២៥ភាគរយ លើប្រាក់ចំណូលទាំងអស់ របស់ពួកគេ រួមទាំងទ្រព្យសម្បត្តិដ៏មានតម្លៃផងដែរ” ។

លោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយគណបក្ស សាធារណរដ្ឋបានឆ្លើយតប កាលពីថ្ងៃព្រហស្បតិ៍ថា គាត់គិតថា សំណើថវិកា របស់លោក បៃដិន “គឺមិនធ្ងន់ធ្ងរទាំងស្រុងនោះទេ” ។

លោក McCarthy បាន​សរសេរ​ថា “លោកស្នើ​ឱ្យ​មាន​ពន្ធ​ថ្មី​រាប់​ពាន់​លាន​ ដែល​អ្នក និង​គ្រួសារ​របស់​អ្នក ​នឹង​បង់​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​ការ​ចំណាយ​ខ្ពស់”។ “លោកប្រធានាធិបតីថា វ៉ាស៊ីនតោនមានបញ្ហាចំណាយ មិនមែនជាបញ្ហាចំណូលនោះទេ” ។

នៅក្រោមសំណើថវិការបស់លោក បៃដិន ការចំណាយរបស់មន្ទីរបញ្ចកោណ នឹងកើនឡើងដល់ ៨៤២ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៤ ដែលជាចំនួន ២៦ ពាន់លានដុល្លារ ឬកើនឡើង ៣,២ ភាគរយពីកម្រិត ដែលបានអនុម័តនៅឆ្នាំ២០២៣៕

Most Popular

To Top