បរទេស៖ មន្ត្រីនៅក្នុងរដ្ឋធានីប៊ែរឡាំងរបស់អាល្លឺម៉ង់បានណែនាំច្បាប់ថ្មីសម្រាប់អាងហែលទឹកសាធារណៈ និងកន្លែងងូតទឹក ដោយអនុញ្ញាតឱ្យស្ត្រីអាចមុជទឹកនៅទីនោះបានដោយអាចដោះអាវបាន។ វិធានការនេះត្រូវបានណែនាំបន្ទាប់ពីពាក្យបណ្តឹងប្រឆាំងនឹងការរើសអើងជោគជ័យត្រូវបានសាទរថាជាជំហានឆ្ពោះទៅរកការបង្កើត “សិទ្ធិស្មើគ្នា” សម្រាប់អ្នករស់នៅទីក្រុងទាំងអស់ដោយអ្នកប្រឆាំងការរើសអើងក្នុងតំបន់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា គ្រឹះស្ថានងូតទឹកនៅទីក្រុងប៊ែកឡាំងនឹងអនុវត្តបទប្បញ្ញត្តិនៃការងូតទឹករបស់ពួកគេក្នុងលក្ខណៈអព្យាក្រឹតយេនឌ័រ ដោយបន្ថែមថា “ការហែលទឹកដោយគ្មានអាវ” ឥឡូវនេះគួរតែអាចធ្វើទៅបាននៅក្នុងអាងហែលទឹកសាធារណៈ និងក្រៅផ្ទះរបស់ទីក្រុងសម្រាប់ “ស្ត្រីទាំងអស់ ឬ មនុស្សដែលមានដើមទ្រូង ហើយត្រូវបានគេយល់ថាជាស្ត្រី។
អ្នកនាំពាក្យសមាគមការងូតទឹកក្នុងទីក្រុងបានបញ្ជាក់ថា គោលការណ៍ត្រូវបានធ្វើបច្ចុប្បន្នភាពដោយប្រាប់វិទ្យុ RBB ថា “ការហែលទឹកដោយគ្មានអាវគឺត្រូវបានអនុញ្ញាតឱ្យគ្រប់គ្នាស្មើគ្នា”។ ច្បាប់ថ្មីមិនមានន័យថា ស្ត្រីនៅទីក្រុងប៊ែរឡាំង ត្រូវមានកាតព្វកិច្ចហែលទឹកដោយគ្មានអាវនោះទេ ព្រោះពួកគេនៅតែអាចបិទបាំងសុដន់របស់ពួកគេ ប្រសិនបើពួកគេចង់៕ប្រែសម្រួលៈ ណៃ តុលា