ព័ត៌មានអន្តរជាតិ

យូអិន និងបណ្ដាប្រទេសមជ្ឈឹមបូព៌ា ស្វាគមន៍ការចាប់ផ្ដើម ទំនាក់ទំនងការទូតឡើង វិញរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត

យូអិន ៖ អង្គការសហប្រជាជាតិ និងបណ្តាប្រទេស នៅមជ្ឈិមបូព៌ា បានស្វាគមន៍កិច្ចព្រមព្រៀងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដើម្បីចាប់ផ្តើមទំនាក់ទំនង ការទូតឡើងវិញ ដោយថា វានឹងរួមចំណែក ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងជំរុញកិច្ច សហប្រតិបត្តិការស្ថាបនា ដែលនឹងផ្តល់ផល ប្រយោជន៍ដល់តំបន់ និងពិភពលោក។

អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាក្នុងការស្តារទំនាក់ទំនងការទូត និងបើកស្ថានទូត និងបេសកកម្មរបស់ពួកគេឡើងវិញក្នុងរយៈពេលពីរខែ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

ប្រទេសទាំងពីរ ក៏បានយល់ព្រមរៀបចំកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេស ដើម្បីរៀប ចំការផ្លាស់ប្តូរឯកអគ្គរដ្ឋទូត និងស្វែងរកមធ្យោបាយពង្រឹង ទំនាក់ទំនងទ្វេភាគី នេះបើយោងតាមសេចក្តីថ្លែងការណ៍ រួមត្រីភាគីរវាងអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងចិននៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ។

ក្នុងនាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អ្នកនាំពាក្យ Stephane Dujarric បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងជាអ្នកជិតខាងល្អរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត មានសារៈសំខាន់ សម្រាប់ស្ថិរភាព នៃតំបន់ឈូងសមុទ្រ។

លោក Dujarric បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃកាលពីថ្ងៃសុក្រថា “អគ្គលេខាធិការបានបញ្ជាក់ជាថ្មី នូវការត្រៀមខ្លួនរបស់លោកក្នុង ការប្រើប្រាស់ការិយាល័យ ដ៏ល្អរបស់លោក ដើម្បីជំរុញកិច្ចសន្ទនា ក្នុងតំបន់បន្ថែមទៀត និងដើម្បីធានាបាននូវសន្តិភាព និងសន្តិសុខយូរអង្វែង នៅក្នុងតំបន់ឈូងសមុទ្រ” ។

អ្វី​ដែល​សម្រេច​បាន ក្នុង​លក្ខខណ្ឌ​ នៃ​ការ​បញ្ជាក់​ពី​គោលការណ៍ ​គោរព​អធិបតេយ្យភាព​រដ្ឋ និង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ ត្រូវ​បាន​ចាត់​ទុក​ជា​សសរស្តម្ភ​មូលដ្ឋាន​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​រដ្ឋ និង​ការ​ពង្រឹង​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់។

តំណាងរាជាណាចក្រអារ៉ាប៊ីសាអូឌីត Musaad bin Mohammed Al-Aiban បានឲ្យដឹង កាលពីថ្ងៃសុក្រថា ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសទាំងពីរ និងក្នុងតំបន់ជាទូទៅ និងពង្រឹងសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

លោកបានបន្ថែមថា “យើងឱ្យតម្លៃលើកិច្ចព្រមព្រៀង ដែលយើងសម្រេចបាន ហើយសង្ឃឹមថាយើងនឹងបន្តរក្សាការសន្ទនាប្រកបដោយការស្ថាបនា ស្របតាមគោលការណ៍ និងមូលដ្ឋានគ្រឹះដែលមាន នៅក្នុងកិច្ចព្រមព្រៀង ខណៈពេលដែលបង្ហាញ ពីតម្លៃ និងការដឹងគុណ ដែលយើងភ្ជាប់ទៅនឹងតួនាទីជាវិជ្ជមាន ជាបន្តរបស់សាធារណរដ្ឋប្រជាមានិតចិន ​ក្នុង​បញ្ហា​នេះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top