ព្រុចសែល៖ អតីតមេបញ្ជាការ របស់អង្គការណាតូលោក James Stavridis បានរាយបញ្ជីកាលពីថ្ងៃព្រហស្បតិ៍អំពីហេតុផលមួយចំនួន ដែលនៅពីក្រោយការប្រើប្រាស់ កាំជ្រួច Kinzhal របស់រុស្ស៊ីក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។
ជួបជាមួយម្ចាស់កម្មវិធី The Press លោក Chuck Todd បានសួរលោក Stavridis ថាតើលោកមើលឃើញការប្រើប្រាស់មីស៊ីល Kinzhal ជាភស្តុតាងដែលថា រុស្ស៊ីកំពុងអស់មីស៊ីលប្រើប្រាស់ដែរឬទេ។

អតីតមេបញ្ជាការអង្គការណាតូ មិនបានច្រានចោលរឿងនេះថា ជាលទ្ធភាពមួយនោះទេ ប៉ុន្តែលោកក៏បានផ្តល់ការពន្យល់ជាក់ស្តែងអំពីមូលហេតុ ដែលកងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ងាកមកប្រើកាំជ្រួចទាំងនោះ។
កងកម្លាំងរុស្ស៊ីបានបាញ់បង្ហោះកាំជ្រួចមីស៊ីល Kinzhal ចំនួន ៦គ្រាប់ក្នុងសប្តាហ៍នេះ អំឡុងពេលការវាយលុកទូទាំងប្រទេសលើអ៊ុយក្រែន។ កាំជ្រួចល្បឿនលឿនជាងសំឡេងដែលមានសមត្ថភាពនុយក្លេអ៊ែរ គឺជាផ្នែកនៃគ្រាប់រ៉ុក្កែតប្រមាណ ៨១ គ្រាប់ដែលបានវាយប្រហាររោងចក្រថាមពល និងជនស៊ីវិលជាច្រើននៅទូទាំងប្រទេស។ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៣៤ គ្រាប់។
លោក Stavridis បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា “រុស្ស៊ីចូលចិត្តបង្ហាញពីសមត្ថភាពលឿនជាងសូរសព្ទរបស់ពួកគេ។ ពួកគេស្ថិតនៅក្នុងសង្រ្គាម នេះគឺជាឱកាសដើម្បីធ្វើវា” ដោយបន្ថែមថា កងកម្លាំងរុស្ស៊ីមិនមានកាំជ្រួច Kinzhal ច្រើនដែលនៅសល់នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
