គៀវ៖ លោក Taras Vysotsky អនុរដ្ឋមន្ត្រីទី១ នៃគោលនយោបាយកសិកម្ម និងស្បៀងអាហារ បានឲ្យដឹងនៅក្នុងបទសម្ភាសមួយ ដែលបានផ្សាយកាលពីថ្ងៃចន្ទថា ការនាំចេញកសិផលរបស់អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងនៅតែមានជាង ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។
លោក Vysotsky បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើប៉ុស្តិ៍ Youtube ផ្លូវការរបស់ក្រសួងកសិកម្ម និងគោលនយោបាយកសិកម្មថា “យើងប៉ាន់ប្រមាណសក្តានុពលនៃការនាំចេញយ៉ាងហោចណាស់ក្នុងកម្រិតនៃឆ្នាំមុន ពោលគឺច្រើនជាង ២០ ពាន់លានដុល្លារ” ។
លោកបានបន្តថា ទោះជាយ៉ាងណាផលិតកម្មគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នឹងធ្លាក់ចុះនៅឆ្នាំនេះ ខណៈដែលកសិកររបស់ប្រទេសនេះផ្តោតលើការដាំគ្រាប់ប្រេង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Vysotsky បន្ថែមថា ទិន្នផលគ្រាប់ធញ្ញជាតិទាបនៅអ៊ុយក្រែនអាចជំរុញឱ្យតម្លៃគ្រាប់ធញ្ញជាតិពិភពលោកកើនឡើង។យោងតាមសមាគមនាំចេញកសិកម្មអ៊ុយក្រែន ការនាំចេញកសិផលរបស់ប្រទេសនេះបានធ្លាក់ចុះ ១៦ ភាគរយមកនៅត្រឹម ២៣,៤ ពាន់លានដុល្លារកាលពីឆ្នាំមុន។
បណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មជាតិអ៊ុយក្រែន បានប៉ាន់ប្រមាណមុននេះថា ផលិតកម្មគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នឹងធ្លាក់ចុះ ៣៧ ភាគរយដល់ ៣៤ លានតោននៅឆ្នាំ២០២៣៕
ប្រែសម្រួល ឈូក បូរ៉ា