ព័ត៌មានអន្តរជាតិ

អូស្ត្រាលី​ នឹង​មាន​នាវាមុជទឹក ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ នៅ​ឆ្នាំ​២០៣០ ចំពេល​មាន​ការកើនឡើង ឥទ្ធិពល​របស់​ចិន

សាន់ឌីហ្គោ៖ ប្រទេសទាំងពីរ និងអង់គ្លេស បានឲ្យដឹងថា ប្រទេសអូស្ត្រាលី នឹងទិញនាវាមុជទឹកវាយប្រហារ ដោយថាមពលនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក ដោយចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ដែលជាផ្នែក នៃគម្រោងពហុដំណាក់កាលរបស់ពួកគេ ដែលមានបំណងប្រឆាំង នឹងការពង្រីកយោធារបស់ចិន និងមហិច្ឆតាទឹកដី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងក្នុងការផ្តល់នូវបច្ចេកវិទ្យាយោធា ដ៏រសើបបំផុតមួយចំនួន របស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសនៅពេលដែលប្រធានាធិបតីលោក ចូ បៃដិន ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៅទីក្រុង San Diego នៃភាពជាដៃគូសន្តិសុខត្រីភាគី AUKUS រវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍រួមមួយ ពីលោក បៃដិន នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានលើកឡើងថា កិច្ចព្រមព្រៀង “ពង្រីកវត្តមានបុគ្គល និងសមូហភាពក្រោមសមុទ្ររបស់យើង នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ហើយរួមចំណែកដល់សន្តិសុខ និងស្ថិរភាពពិភពលោក”។

ដោយឈរជាមួយមេដឹកនាំផ្សេងទៀត បន្ទាប់ពីកិច្ចប្រជុំនៅឯមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិក លោក Albanese បានលើកឡើងថា “ជំពូកថ្មី” បានចាប់ផ្តើមនៅក្នុងទំនាក់ទំនងបីផ្លូវ ដែលបានកសាងឡើង លើតម្លៃរួមរបស់ប្រទេស ការប្តេជ្ញាចិត្ត ចំពោះលទ្ធិប្រជាធិបតេយ្យ និងចក្ខុវិស័យសម្រាប់អនាគតសន្តិភាព។

សូមអរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការចែករំលែកបច្ចេកវិទ្យា ជំរុញនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូង ក្នុងរយៈពេល ៦៥ឆ្នាំ លោកបានលើកឡើងថា កិច្ចព្រមព្រៀង “តំណាងឱ្យការវិនិយោគតែមួយគត់ដ៏ធំបំផុត នៅក្នុងសមត្ថភាពការពារ របស់ប្រទេសអូស្ត្រាលី នៅក្នុងប្រវត្តិសាស្រ្តរបស់យើងទាំងអស់” ។

លោក បៃដិន បានសង្កត់ធ្ងន់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ “នឹងមិនមានអាវុធនុយក្លេអ៊ែរ ប្រភេទណាមួយឡើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ចាប់ផ្តើមនៅដើមទសវត្សរ៍ក្រោយ សហរដ្ឋអាមេរិក បន្ទាប់ពីទទួលបានការយល់ព្រមពីសភា គ្រោងនឹងលក់នាវាមុជទឹកថ្នាក់ Virginia ចំនួន ៣ គ្រឿងទៅឱ្យប្រទេសអូស្ត្រាលី ដែលនឹងមានជម្រើសក្នុងការទិញពីរបន្ថែមទៀត។

លោក បៃដិន បានលើកឡើងថា ផែនការរបស់ប្រទេសទាំងបីគឺជា “សក្ខីកម្មមួយចំពោះភាពរឹងមាំ នៃទំនាក់ទំនងដ៏យូរអង្វែងដែលបង្រួបបង្រួមយើង និងការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការធានាថា ឥណ្ឌូប៉ាស៊ីហ្វិក នៅតែមានសេរីភាព និងបើកចំហ វិបុលភាព និងសុវត្ថិភាព” ដោយបន្ថែមថានេះ គឺជាគោលបំណងរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀតរបស់ខ្លួន នៅក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top