ព័ត៌មានអន្តរជាតិ

Update ៖ អាមេរិកថា ករណីធ្លាក់យន្តហោះ គ្មានមនុស្សបើករបស់ខ្លួន បង្ហាញឲ្យឃើញ ពីអាកប្បករិយា ឈ្លានពានរបស់រុស្ស៊ី

គៀវ/វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ថា ក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ការធ្លាក់យន្តហោះ គ្មានមនុស្សបើកចារកម្មអាមេរិក នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីការជួបជាមួយយន្តហោះ របស់រុស្ស៊ី បានបង្ហាញ ពីអាកប្បកិរិយា “ឈ្លានពាន” របស់ក្រុងម៉ូស្គូ ខណៈដែលរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងស្វែងរកការបង្កើនភាព តានតឹង នៅក្នុងតំបន់សមុទ្រខ្មៅ ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុយន្តហោះ គ្មានមនុស្សបើកកាលពីថ្ងៃអង្គារ គឺជាការជួបគ្នាដោយផ្ទាល់ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ជាលើកដំបូង ចាប់តាំងពីក្រុងម៉ូស្គូ បានបើកការឈ្លានពាន មកលើប្រទេស អ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ ហើយបានធ្វើឱ្យស្ថានភាព នៃការទំនាក់ទំនងគ្នា រវាងមហាអំណាច នុយក្លេអ៊ែរ ដែលនាំមុខគេរបស់ពិភពលោក មានភាពស្ងប់ស្ងាត់ ។

ករណីនេះបានកើតឡើងនៅគ្រា ដែលប្រទេសរុស្ស៊ី បានបន្តការជំរុញ របស់ខ្លួនអស់រយៈពេលជាច្រើនខែ ដើម្បីដណ្តើមយកទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះដ៏ធំធេងលើកដំបូង របស់ខ្លួនក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំ ដែលបានលើកបន្តុបដោយរុស្ស៊ី សម្រាប់តំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពជុំវិញទីក្រុង ដែលបាក់បែកឥឡូវនេះ នៅតែ “លំបាក” ខណៈដែលក្រុង គៀវ បានបដិសេធមិនដកកងកម្លាំង របស់ខ្លួនចេញជាដាច់ខាត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top