សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា ក្រសួងកសិកម្មបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ហៅកាត់ថា (ASF) មួយផ្សេងទៀត ដោយបានចេញបញ្ជាឱ្យកសិដ្ឋានចិញ្ចឹមជ្រូកនោះផ្អាកដំណើរការ និងកន្លែងពាក់ព័ន្ធនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសនេះ ។
ករណីជំងឺប៉េស្តអាហ្វ្រិកលើកទី៥នៅក្នុងប្រទេសក្នុងឆ្នាំ២០២៣នេះត្រូវបានបញ្ជាក់ បន្ទាប់ពីសត្វជ្រូកចំនួន៥០ក្បាលបានងាប់នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ដែលមានសត្វជ្រូកចំនួន១២.៨៤២ក្បាលដែលបានចិញ្ចឹមនៅក្នុងតំបន់ Pocheon ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីសេអ៊ូល ។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទបានឲ្យដឹងដូច្នេះ ។
ដើម្បីទប់ស្កាត់ការឆ្លងជំងឺចូលទៅកសិដ្ឋានផ្សេងទៀត បទបញ្ជាផ្អាកមួយត្រូវបានចេញសម្រាប់រយៈពេល៤៨ម៉ោងរហូតដល់ម៉ោង៥និង០០នាទីព្រឹកម៉ោងក្នុងស្រុកដល់ថ្ងៃពុធ ទៅលើកម្មករ និងយានជំនិះដែលទាក់ទងនឹងកន្លែងចិញ្ចឹមសត្វដូចជាកសិដ្ឋានចិញ្ចឹមជ្រូក កន្លែងសត្តឃាត និងរោងចក្រចំណីនៅភាគខាងលិចនៃទីក្រុង Incheon ខេត្ត Gyeonggi និងភាគខាងជើងនៃខេត្ត Gangwon ។
អាជ្ញាធរគ្រោងនឹងសម្លាប់សត្វជ្រូកនៅកសិដ្ឋាននៅ Pocheon និងធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើកសិដ្ឋានក្នុងចម្ងាយ១០គីឡូម៉ែត្រពីកសិដ្ឋានដែលរងផលប៉ះពាល់ ព្រមទាំងកសិដ្ឋាន និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា