បរទេស៖លោក Jan Emeryk Rosciszewski អគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅប្រទេសបារាំងបានលើកឡើងកាលពីថ្ងៃម្សិលមិញនេះថាប្រទេសប៉ូឡូញប្រហែលជានឹងមិនមានជម្រើសច្រើនឡើយហើយបង្ខំចិត្តក្នុងការចូលរួមពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងជម្លោះនៅអ៊ុយក្រែនជាមិនខាន។
សេចក្តីថ្លែងការណ៍របស់មន្ត្រីការទូតជាន់ខ្ពស់ប៉ូឡូញរូបនេះបានធ្វើឡើងកាលពីចុងសប្តាហ៍ជាមួយនឹងក្រុមអ្នកព័ត៌មានរបស់ LCI ដោយក្នុងនោះRosciszewski បានស្តីបន្ទោសដែរទៅលើបញ្ហាអរិភាពដែលបានបន្តអស់រយៈពេលជាងមួយឆ្នាំរួចមកហើយលើទីក្រុងមូស្គូ ដោយបញ្ជាក់ថាវាមិនមែនជាអង្គការណាតូ មិនមែនប៉ូឡូញ មិនមែនបារាំង និងមិនមែនស្លូវ៉ាគី ដែលកំពុងតែបង្កើនភាពតានតឹងអន្តរជាតិនោះទេ ប៉ុន្តែវាគឺដោយសារតែរុស្ស៊ីតែម្តង។
លោកបានបញ្ជាក់បែបនេះថា៖ទោះបីជាអ៊ុយក្រែននឹងទទួលជ័យជំនះឬអាចបានត្រឹមការពារខ្លួនបានជោគជ័យក្តីប៉ុន្តែប៉ូឡូញប្រហែលជានឹងត្រូវបង្ខំចិត្តក្នុងការចូលរួមជម្លោះនេះទោះបីក្នុងករណីណាមួយក៏ដោយ។
ក្នុងនោះលោកRosciszewski បានសង្កត់ធ្ងន់ថាបើមិនដូច្នេះទេ តម្លៃចម្បងរបស់យើង ដែលជាមូលដ្ឋាននៃអរិយធម៌ និងវប្បធម៌របស់យើង នឹងស្ថិតក្នុងគ្រោះថ្នាក់ជាមូលដ្ឋាន ដូច្នេះយើងនឹងគ្មានជម្រើសឡើយដើម្បីសម្រេចធ្វើកិច្ចការងារនេះ៕ ប្រែសម្រួល៖ស៊ុនលី