ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោករំពឹងថា នឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារ ខណៈដែលរដ្ឋអាជ្ញាកំពុងពិចារណាលើការចោទប្រកាន់លើការបង់ប្រាក់យឺតយ៉ាវដល់តារាអាសអាភាស និងបានអំពាវនាវឱ្យអ្នកគាំទ្ររបស់គាត់តវ៉ា។
អ្នកនាំពាក្យរបស់ការិយាល័យមេធាវីស្រុក Manhattan ដែលកំពុងស៊ើបអង្កេតលើការបង់ប្រាក់ចំនួន១៣០.០០០ដុល្លារអាមេរិកដល់តារាសម្តែងសិច ឈ្មោះ Stormy Daniels បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ។
គេបានដឹងថា គ្មានប្រធានាធិបតីសហរដ្ឋអាមេរិកណាម្នាក់ ក្នុងពេលកាន់តំណែង ឬបន្ទាប់ពីនោះបានប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌឡើយ ។
លោក ត្រាំ កំពុងស្វែងរកការតែងតាំងពីគណបក្សសាធារណរដ្ឋសម្រាប់តំណែងប្រធានាធិបតីនៅឆ្នាំ២០២៤ ។ គាត់បានថ្លែងថា គាត់នឹងបន្តធ្វើយុទ្ធនាការទោះបីជាគាត់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋក៏ដោយ ។
លោក ត្រាំ មិនបានលើកឡើងថា គាត់ត្រូវបានជូនដំណឹងជាផ្លូវការអំពីការចោទប្រកាន់នាពេលខាងមុខ ហើយមិនបានផ្តល់ភស្តុតាងនៃការបែកធ្លាយពីការិយាល័យមេធាវីស្រុកនោះទេ ហើយលោកមិនបានពិភាក្សាអំពីការចោទប្រកាន់ដែលអាចកើតមាននៅក្នុងការបង្ហោះនោះដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា