បរទេស ៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានចេញមុខប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោយលោក John Bolton បានហៅតុលាការថា “ខុសច្បាប់ជាមូលដ្ឋាន” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Bolton បានប្រាប់ Sky News កាលពីថ្ងៃច័ន្ទថា “ខ្ញុំជឿជាក់ និងមានរយៈពេលជាច្រើនឆ្នាំមកហើយថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺមិនស្របច្បាប់ជាមូលដ្ឋាន” ដោយលោកបន្ថែមថា ដីកាចាប់ខ្លួនលោកពូទីន មិនមែនជាអ្វីដែលសហរដ្ឋអាមេរិកគួរសហការជាមួយនោះទេ។
លោកបានបន្តថា «វាជាស្ថាប័នដ៏គ្រោះថ្នាក់មួយ ។ «វាជាការអនុវត្តអំណាច របស់រដ្ឋាភិបាល ក្នុងភាពខ្វះចន្លោះដោយគ្មាន ក្របខណ្ឌរដ្ឋធម្មនុញ្ញ ដើម្បីរារាំងវា»។
សូមជម្រាបថា អង្គបុរេជំនុំជម្រះ របស់តុលាការបានចេញដីកាកាលពីថ្ងៃសុក្រ ចាប់ខ្លួនលោកពូទីន ប្រធានាធិបតីរុស្ស៊ី និងស្នងការសិទ្ធិកុមាររុស្ស៊ី លោកស្រី Maria Lvova-Belova ពីបទ “និរទេសកុមារដោយខុសច្បាប់ ” ពី “តំបន់កាន់កាប់នៃអ៊ុយក្រែន” ។ ការចោទប្រកាន់នេះ សំដៅទៅលើកិច្ចខិតខំ ប្រឹងប្រែងរបស់រុស្ស៊ីក្នុងការជម្លៀស ជនស៊ីវិលចេញពីតំបន់ ដែលភាគច្រើននៅក្នុងតំបន់ Donbass ដែលនិយាយភាសារុស្សីច្រើនជាងគេ ដែលតំបន់នោះ គឺបានបាញ់ផ្លោងដោយយោធាអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា