ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ទីក្រុងមូស្គូ នឹងបានបង្ខំឱ្យមានប្រតិកម្ម ប្រសិនបើចក្រភពអង់គ្លេស ផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រំសេវរថពាសដែក ដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលមានកម្រិតរលាយទាប។
លោក ពូទីន បានកំពុងប្រតិកម្មកាលពីថ្ងៃអង្គារ ចំពោះព័ត៌មានរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសលោកស្រី Annabel Goldie បានបញ្ជាក់ថា គ្រាប់រំសេវដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលរលាយបាត់ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធា ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែន រួមជាមួយនឹងរថក្រោះប្រយុទ្ធ Challenger 2។
លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង នៅវិមានក្រឹមឡាំងថា “ចក្រភពអង់គ្លេស… បានប្រកាសមិនត្រឹមតែការផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងគ្រាប់ផ្លោងជាមួយនឹងសារធាតុអ៊ុយរ៉ាញ៉ូម ដែលរលាយអស់ផងដែរ។ ប្រសិនបើរឿងនេះកើតឡើង រុស្ស៊ី នឹងត្រូវបង្ខំឱ្យប្រតិកម្ម” ។
លោក ពូទីន បានលើកឡើងដោយមិនបញ្ជាក់លម្អិតថា “ប្រសិនបើរឿងទាំងអស់នេះកើតឡើង រុស្ស៊ីនឹងត្រូវឆ្លើយតបតាមការយល់ឃើញរបស់លោកខាងលិច ដែលជាសមូហភាពកំពុងចាប់ផ្តើមប្រើអាវុធដោយសមាសធាតុនុយក្លេអ៊ែររួចទៅហើយ”។
ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីគ្រាប់រំសេវនេះ លោក Goldie បានឲ្យដឹងថា “ទន្ទឹមនឹងការផ្តល់កងអនុសេនាធំនៃរថក្រោះប្រយុទ្ធសំខាន់ Challenger 2 ដល់អ៊ុយក្រែន យើងនឹងផ្តល់គ្រាប់រំសេវ រួមទាំងគ្រាប់ពាសដែក ដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលមានកម្រិតរលាយអស់”៕ប្រែសម្រួល ឈូក បូរ៉ា