បរទេស ៖ អ្នកនាំពាក្យ របស់វិមានក្រមឡាំងលោក Dmitry Peskov បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញថា ក្រុមអ្នកគាំទ្រអ៊ុយក្រែន ដែលស្ថិតនៅលោកខាងលិច ព្រមទាំងសហរដ្ឋអាមេរិកផង ជាពិសេសនឹងព្យាយាមគ្រប់បែបយ៉ាង ដើម្បីអាចការពារឲ្យរដ្ឋាភិបាលទីក្រុងគៀវ ក្នុងការសម្រេចចិត្តចូលរួមអង្គុយ នៅតុចរចាជាមួយនឹង ប្រទេសរុស្សីឡើយ។
សេចក្តីថ្លែងការណ៍ របស់លោក អ្នកនាំពាក្យរូបនេះ ត្រូវបានយកមកចេញផ្សាយនៅ RT ដោយក្នុងនោះលោកបាន បន្ថែមទៀតផែនការសន្តិភាព ដែលកំពុងត្រូវបានរៀបចំ និងត្រៀមរួចរាល់ហើយ ក្នុងអំឡុងនៃជំនួបពិភាក្សារវាង មេដឹកនាំរុស្សីនិងចិននាទីក្រុងមូស្គូ កាលពីថ្ងៃអង្គារម្សិលមិញនេះ។

លោក Peskov ក៏បានធ្វើការរិះគន់ទៅលើបណ្តា ក្រុមមន្ត្រីជាន់ខ្ពស់របស់លោកខាងលិច ទាំងឡាយផងដែរ ដែលកន្លងមកតែងតែបានធ្វើការអះអាងថា ខ្លួនគឺជាអ្នកដែលមានគំនិតផ្តួចផ្តើម សម្រាប់សន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែបែរជាមិនទទួលយកការពិភាក្សាគ្នា រវាងមូស្គូនិងប៉េកាំងទៅវិញ។
ជាក់ស្តែងក្នុងនោះនៅមុនជំនួប រវាងមេដឹកនាំចិននិងរុស្សីលោក John Kirby អ្នកនាំពាក្យរបស់សេតវិមាន បានថ្លែងថាបទឈប់បាញ់គ្នាណាមួយ ឬសេចក្តីព្រាងសន្តិភាពណាមួយ ដែលធ្វើឡើងក្រោយជំនួបនេះ នឹងមិនអាចទទួលយកបានជាដាច់ខាត ៕
ប្រែសម្រួល៖ស៊ុនលី
