ព័ត៌មានអន្តរជាតិ

លោក Yoo Ah In ជួលមេធាវីពីក្រុមហ៊ុនច្បាប់កំពូលមួយ នៅកូរ៉េខាងត្បូងការពារក្តីលោក

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែង លោក Yoo Ah In វ័យ ៣៧ ឆ្នាំ មានឈ្មោះពិតថា Uhm Hong Sik បច្ចុប្បន្នកំពុងប្រឈមមុខនឹងការកោះហៅរបស់ប៉ូលីស និងការស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀន។

នាពេលថ្មីៗនេះ លោកបានជួលមេធាវីដែលជាអតីតព្រះរាជអាជ្ញាមកពីក្រុមហ៊ុនច្បាប់កំពូលមួយនៅប្រទេសកូរ៉េខាងត្បូងគឺលោក Kim & Chang ការពារក្តីរបស់លោក ។ លោកមេធាវីរបស់ លោក Yoo Ah In បានធ្វើការជាព្រះរាជអាជ្ញារយៈពេល ១១ ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ហើយនៅខែធ្នូ ឆ្នាំ ២០១៧ លោកបានចូលបម្រើការងារនៅក្រុមហ៊ុនមេធាវី Kim & Chang ប៉ុន្តែបច្ចុប្បន្នលោកធ្វើការនៅក្រុមហ៊ុនច្បាប់ផ្សេង។

ក្រុមហ៊ុនច្បាប់នេះក៏រួមបញ្ចូលនូវអតីតព្រះរាជអាជ្ញា និងមេធាវីដែលជាប្រធាននាយកដ្ឋានឧក្រិដ្ឋកម្ម និងគ្រឿងញៀន។ នាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល បានកោះហៅលោក Yoo Ah In ជាជនសង្ស័យពីបទបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន ជាពិសេសសម្រាប់គ្រឿងញៀន នៅថ្ងៃទី ២៤ ខែមីនា វេលាម៉ោង ១០ ព្រឹក ។

កាលពីខែមុន សេវាកោសល្យវិច្ច័យជាតិបានបង្ហាញពីប្រតិកម្មវិជ្ជមានចំពោះគ្រឿងញៀន ៤ ប្រភេទ រួមមាន កញ្ឆា ប្រូផូហ្វូល កូកាអ៊ីន និងខេតាមីនក្នុងទឹកនោមរបស់លោក Yoo Ah In ។ ប៉ូលីសបានស្រាវជ្រាវ និងរឹបអូសគ្លីនិក និងមន្ទីរពេទ្យរួចហើយនៅ Gangnam និង Yongsan-gu ក្នុងទីក្រុងសេអ៊ូល ជាកន្លែងដែល Yoo Ah In ត្រូវបានគេសង្ស័យថា ត្រូវបានចេញវេជ្ជបញ្ជា Propofol និងថ្នាំដទៃទៀត ក៏ដូចជាលំនៅដ្ឋានរបស់lok។ ពួកគេក៏បានហៅអ្នកគ្រប់គ្រង និងអ្នកស្គាល់គ្នារបស់ Yoo Ah In ធ្វើជាសាក្សី ដើម្បីសាកសួរនៅថ្ងៃទី ១៣ និង ១៤ ខែនេះ៕ដោយ៖លី ភីលីព

Most Popular

To Top