បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បាននិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងសាងសង់ មូលដ្ឋានយោធា ថ្មីចំនួនបួន នៅក្នុងប្រទេសហ្វីលីពីន ដោយកត់សម្គាល់ថា យ៉ាងហោចណាស់មូលដ្ឋានមួយ នឹងត្រូវដាក់នៅជិតខ្សែសង្វាក់កោះ ជម្លោះដែលទាមទារ ដោយប្រទេសចិន និងប្រទេសមួយចំនួនទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ មេដឹកនាំហ្វីលីពីនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការដំឡើងទីតាំងយោធាថ្មី ដែលត្រូវបានបង្ហាញជាលើក ដំបូងកាលពីខែមុន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ជាមួយទីក្រុងវ៉ាស៊ីនតោន។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកមិនអាចបង្ហាញទីតាំងពិតប្រាកដ របស់មូលដ្ឋានយោធា អាមេរិកទាំងនោះបានទេ រហូតទាល់តែមានការប្រកាសជាផ្លូវការជាមួយសហរដ្ឋអាមេរិក។
លោកបាននិយាយថា “មានកន្លែងបន្ថែមចំនួនបួនដែលនៅរាយប៉ាយនៅជុំវិញហ្វីលីពីន មានខ្លះនៅភាគខាងជើង មានខ្លះនៅជុំវិញ Palawan មានភាគខាងត្បូងខ្លះទៀត” ដោយបន្ថែមថា មូលដ្ឋានទ័ពនឹងជួយការពារកោះ Luzon ដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីន។
Palawan គឺជាតំបន់មួយក្នុងចំនោមតំបន់ភាគខាងលិចបំផុតរបស់ប្រទេសហ្វីលីពីន ហើយស្ថិតនៅចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រ ភាគខាងកើតនៃប្រជុំកោះ Spratly ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលត្រូវបានគេស្គាល់ដោយឈ្មោះក្នុងស្រុកមួយចំនួនទៀត។
ប្រទេសចំនួនប្រាំមួយបានទាមទារផ្នែកខ្លះនៃខ្សែសង្វាក់កោះតូច ដែលក្នុងនោះមានចិន កោះតៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ក៏ដូចជាហ្វីលីពីន ទោះបីជាមន្ត្រីអាមេរិកបានច្រានចោលការអះអាងរបស់ទីក្រុងប៉េកាំងម្តងហើយម្តងទៀតថា “ខុសច្បាប់” ក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា