បរទេស៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រសិនបើប្រទេសអាល្លឺម៉ង់ សម្រេចចិត្តអនុវត្តសេចក្តីសម្រេច របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ស្តីពី “ការចាប់ខ្លួន” ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នោះ វានឹងស្មើនឹងការប្រកាសសង្គ្រាម លើប្រទេសរុស្ស៊ី។
![](https://lookingtoday.com/wp-content/uploads/2023/03/46.jpg)
យោងតាមសារព័ត៌មាន Sputnit ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាមុននេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បាននិយាយថា ដីកា “ចាប់ខ្លួន” លោកពូទីន នឹងមានសុពលភាព នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានការស្នើសុំពី ICC ។ បទបញ្ជានេះក៏ត្រូវបានគាំទ្រ ដោយអធិការបតី លោក Olaf Scholz ដែលក្នុងអំឡុងពេលទស្សនកិច្ច នៅប្រទេសជប៉ុន បាននិយាយថា “គ្មាននរណាម្នាក់ នៅពីលើច្បាប់នោះទេ” ។
លោក Medvedev បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយធំៗរបស់រុស្ស៊ី រួមទាំង Sputnik ផងដែរថា ប្រទេសរុស្ស៊ីក្នុងស្ថានភាពបែបនេះ នឹងប្រើប្រាស់គ្រប់មធ្យោបាយ ដែលមានដើម្បីកំណត់គោលដៅ លើកងទ័ព “Bundestag ការិយាល័យអធិការបតី និងអ្វីៗផ្សេងទៀត”។
លោក Medvedev បាននិយាយថាការសម្រេចចិត្តបែបនេះ ដូចជាការសម្រេចចិត្តដែល ICC បានបង្កើតបង្កើតសក្តានុពលអវិជ្ជមានដ៏ធំមួយ។
សូមជម្រាបថា នៅថ្ងៃទី ១៧ ខែមីនា ICC បានចេញដីកាចាប់ខ្លួនលោក Putin និងស្នងការសិទ្ធិកុមារលោកស្រី Maria Lvova-Belova ដោយលើកឡើងពី “ការផ្ទេរប្រជាជនដោយខុសច្បាប់ (កុមារ) ពីតំបន់កាន់កាប់នៃអ៊ុយក្រែន ទៅសហព័ន្ធរុស្ស៊ី” ៕ ប្រែសម្រួលៈ ណៃ តុលា
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)