ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី អំពាវនាវឱ្យអឺរ៉ុប ផ្តល់យន្តហោះចម្បាំង មីស៊ីលទំនើបបន្ថែម ឬចាំមើលសង្រ្គាម ដែលអូសបន្លាយរាប់ឆ្នាំ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់មេដឹកនាំអឺរ៉ុបឱ្យបង្កើនការផ្គត់ផ្គង់អាវុធទំនើបយ៉ាងឆាប់រហ័សដល់កងកម្លាំងរបស់លោក ជាពិសេសយន្តហោះចម្បាំង និងប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ បើមិនដូច្នេះទេ ពួកគេគួរតែរៀបចំ សម្រាប់សង្រ្គាមដែលអូសបន្លាយជាច្រើនឆ្នាំ។

ថ្លែងនៅលើរថភ្លើងទៅកាន់ទីក្រុងគៀវ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី៣ របស់លោក ក្នុងរយៈពេលពីរថ្ងៃទៅកាន់តំបន់ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមនៅជិតខ្សែបន្ទាត់ជួរមុខនៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសអ៊ុយក្រែន លោក ហ្សេឡិនស្គី បានផ្តល់ដំណើររឿងដ៏រំជួលចិត្តអំពីអ្វីដែលលោក បានឃើញនៅពេលលោក បានថ្លែងទៅកាន់កិច្ចប្រជុំកំពូល នៃមេដឹកនាំសហភាពអឺរ៉ុប។

នៅក្នុងសុន្ទរកថាដ៏វែង និងចាក់ដោតរបស់លោក ហ្សេឡិនស្គី កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា វាអាស្រ័យលើសហភាពអឺរ៉ុប ជាប្លុកមួយដើម្បីចាត់វិធានការ ដើម្បីទប់ស្កាត់រុស្ស៊ី ខណៈដែលការលុកលុយរបស់អ៊ុយក្រែន ចូលដល់ឆ្នាំទីពីរ។

ខណៈពេលដែលលោកបានស្វាគមន៍ចំពោះផែនការថ្មីរបស់សហភាពអឺរ៉ុបក្នុងការបញ្ជូនកាំភ្លើងធំចំនួន 1 លានគ្រាប់ទៅកាន់ទីក្រុងគៀវ លោកបានរក្សាការទាមទាររបស់លោក សម្រាប់យន្តហោះចម្បាំង និងមីស៊ីល ដែលលោកជឿជាក់ថា នឹងមានប្រសិទ្ធភាពជាងក្នុងការរុញច្រានកងកម្លាំងរុស្ស៊ីមកវិញ។

ការអត្ថាធិប្បាយរបស់លោក ហ្សេឡិនស្គី តំណាងឱ្យការបង្ហាញបើកចំហមិនធម្មតានៃការខកចិត្តជាមួយបណ្តាប្រទេសអឺរ៉ុបដែលបានបរិច្ចាគដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់អ៊ុយក្រែន។ លោកក៏បានត្អូញត្អែរថា អឺរ៉ុប ហាក់ដូចជាមិនប្រញាប់ប្រញាល់ដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូនោះទេ។

លោក ហ្សេឡិនស្គី បានប្រាប់ទៅកាន់បណ្ដាមេដឹកនាំសហភាពអឺរ៉ុបថា “ប្រសិនបើអឺរ៉ុបរង់ចាំ អំពើអាក្រក់អាចមានពេលវេលា ដើម្បីប្រមូលផ្តុំ និងរៀបចំសម្រាប់សង្គ្រាមជាច្រើនឆ្នាំ។ វាស្ថិតនៅក្នុងអំណាចរបស់អ្នកក្នុងការទប់ស្កាត់រឿងនេះ” ៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top