ម៉ាឌ្រីដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា ក្រុមអ្នកពន្លត់អគ្គីភ័យប្រហែល៧០០នាក់ កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំប្រចាំឆ្នាំ របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ ដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ ក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីភ្លើងនេះបានចាប់ផ្តើម ដោយបង្ខំមនុស្ស១.៥០០នាក់ ឱ្យភៀសខ្លួនចេញ ។
នៅក្នុងការកែសម្រួលដំណឹងថ្មីៗ នៅលើបណ្តាញសង្គមTwitter ក្រុមសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បានលើកឡើងថា ភ្លើងនៅ Villanueva de Viver ប្រហែល៩០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃទីក្រុង Valencia គឺជា “ការឆាបឆេះដ៏ស្មុគស្មាញ ដែលកើតឡើងនៅក្នុងលក្ខខណ្ឌអាកាសធាតុ ស្រដៀងនឹងរដូវក្តៅ” ។
ពួកគេបានលើកឡើងថា “មនុស្សចំនួន៧០០នាក់ ត្រូវបានចល័តសម្រាប់ប្រតិបត្តិការ (ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើង) ។ ភ្លើងបានធ្វើឲ្យប៉ះពាល់ ដល់ផ្ទៃដី៣.៩០០ហិកតា និងមានទំហំ៣៥គីឡូម៉ែត្រ” ពួកគេបានបញ្ជាក់ ដោយបង្ហាញពីចំនួនមនុស្សដែលត្រូវបាន បង្ខំឱ្យចេញពីផ្ទះរបស់ពួកគេ កាលពីថ្ងៃសុក្រប្រហែល១.៥០០នាក់ គឺតួលេខមិនទាន់ប្រែប្រួលនោះទេ ។
ពួកគេបានលើកឡើងថា ការឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅតែមាន “ភាពរង្គោះរង្គើ” ជាមួយនឹងការងារដើម្បីពន្លត់ភ្លើងដែលមានសភាព “ស្មុគស្មាញខ្លាំងណាស់” ។
ក្រុមអ្នកពន្លត់អគ្គីភ័យ បានបង្ហោះសារថា ពួកគេបានពង្រាយអង្គភាព ពីលើអាកាសប្រហែល២០គ្រឿង ដើម្បីជួយពន្លត់ភ្លើង៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា