ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែថា រុស្ស៊ីនឹងដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសប៊ែលឡារុស្ស ។
លោកប្រធានាធិបតី ពូទីន បានថ្លែងថា ទង្វើនេះនឹងមិនបំពានលើកិច្ចព្រមព្រៀង មិនរីកសាយភាយនុយក្លេអ៊ែរនោះទេ ហើយប្រៀបធៀបខ្លួន ទៅនឹងសហរដ្ឋអាមេរិក ដែលដាក់អាវុធរបស់ខ្លួននៅអឺរ៉ុប ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានផ្សាយដូច្នេះ ។
លោកបានថ្លែងទៀតថា ក្រុងម៉ូស្គូនឹងមិនផ្ទេរការគ្រប់គ្រងអាវុធរបស់ខ្លួនទៅទីក្រុង Minsk នោះទេ ។
គេបានដឹងថា របបប៊ែលឡារុស្ស គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់វិមានក្រឹមឡាំង និងជាអ្នកគាំទ្រការលុកលុយ មកលើអ៊ុយក្រែនទៀតផង ។
លោកប្រធានាធិបតី ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃសៅរ៍ថា មេដឹកនាំប៊ែលឡារុស្ស Alexander Lukashenko បានលើកឡើងជាយូរមកហើយអំពីបញ្ហានៃការដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសនេះ ។
លោកបានបន្តថា “នៅទីនេះក៏មិនមានអ្វីចម្លែកដែរ ។ ដំបូងឡើយ សហរដ្ឋអាមេរិក បានធ្វើរឿងនេះអស់ជាច្រើន ទសវត្សរ៍មកហើយ ។ ពួកគេបានពង្រាយអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ពួកគេជាយូរមកហើយ នៅលើទឹកដីនៃប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា