ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារដែនអាកាសអាមេរិក មិនដំណើរការល្អ ពេលមីស៊ីលវាយប្រហារនៅមូលដ្ឋាន យោធាអាមេរិកក្នុងទឹកដីស៊ីរី

បរទេស៖ សារព័ត៌មាន Sputnik បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេត ពីមូលហេតុដែលប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន មិនដំណើរការពេញលេញ អំឡុងពេលមានការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅមុននេះបន្តិចថា យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងដែលជាកម្មសិទ្ធិរបស់ក្រុមដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានសម្ព័ន្ធមិត្តនៅភាគឦសានប្រទេសស៊ីរី ដោយបានសម្លាប់បុគ្គលិកក្រុមហ៊ុនអាមេរិកម្នាក់។

របាយការណ៍បាននិយាយថា យោធាអាមេរិកមិនទាន់ដឹងទេថា ហេតុអ្វីបានជាប្រព័ន្ធការពារដែនអាកាសនេះមិនដំណើរការ ហើយកាលៈទេសៈកំពុងស្ថិតក្រោមការស៊ើបអង្កេត នេះបើយោងតាមការលើកឡើងរបស់មន្ត្រីពីររូប។

មន្ត្រីម្នាក់បានពន្យល់ថា ប្រព័ន្ធការពារមីស៊ីល Avenger នៅលើមូលដ្ឋានដែលមានឈ្មោះថា RLZ ប្រហែលជាកំពុងជួបប្រទះបញ្ហាថែទាំដែលមិននឹកស្មានដល់ បើទោះបីជាកងទ័ពមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានធ្វើការវាយប្រហារចំនួន ៧៨ លើកកន្លងមកក្នុងរយៈពេលពីរឆ្នាំមកនេះក៏ដោយ។

សមាជិកសេវាពីរនាក់ដែលរងរបួសក្នុងអំឡុងពេលការវាយប្រហារត្រូវបានព្យាបាលនៅនឹងកន្លែង ខណៈបីនាក់ផ្សេងទៀតត្រូវបានជម្លៀសទៅកាន់កន្លែងព្យាបាលក្នុងប្រទេសអ៊ីរ៉ាក់ រួមជាមួយនឹងបុគ្គលិកក្រុមហ៊ុនដែលរងរបួស នេះបើតាមការចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដោយមន្ទីរបញ្ចកោណបានរៀបរាប់លម្អិត៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top